លោក Michael ចុះទៅផ្សព្វផ្សាយពីទុក្ខលំបាកពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារការឈ្លានពានពីទាហានថៃ
ព្រះវិហារ៖ លោក Michael B Alfaro នៅព្រឹកថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៥ បានចុះទៅផ្សព្វផ្សាយពីទុក្ខលំបាករបស់ពរលដ្ឋកម្ពុជាស្ថិតនៅវត្តពោធិ៍ ៥០០០ ដើម ដែលជាទីតាំងជំរំជនភៀសសឹកមាន ៤ ៨២១ គ្រួសារស្ថិតនៅក្នុងខេត្តព្រះវិហារ បន្ទាប់ពីទាហានរបស់ប្រទេសថៃ ឈ្លានពានទឹកដីកម្ពុជា ដែលធ្វើឱ្យពួកចាកចេញពីលំនៅឋានដោយបង្ខំ។
បើតាមលោក Michael B Alfaro គោលបំណងសំខាន់ របស់លោក មកប្រទេសកម្ពុជាជាលើកទី២ ចុះទៅកាន់តំបន់ដែលពលរដ្ឋភៀសខ្លួន គឺដើម្បីឱ្យពិភពលោក លឺនៅសំឡេង នូវភាពឈឺចាប់របស់ពលរដ្ខខ្មែរ ឃើញពីការព្យាយាមអត់ធ្មត់ និងក្តីសង្ឃឹមថា ពិភពលោក នឹងមិនទៅណាឆ្ងាយពីពួកគេ និងឈរជាមួយពួកគេ។
លោក Michael B Alfaro ជាពលរដ្ឋអាមេរិកាំងមួយរូប បានទទួលការចាប់អារម្មណ៍ពីមហាជនកម្ពុជាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក្រោយពីលោកធ្វើសេចក្តីរាយការណ៍ជុំវិញផលវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃម្តងរួចមកហើយកាលពីកន្លងមកនេះ។
លោក Michael B Alfaro បានមកដល់ប្រទេសកម្ពុជាមួយដងហើយកាលពីថ្ងៃទី១៥សីហា ដោយជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន និងចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់ នៅជំរំជនភៀសសឹក និងតំបន់ជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោក Michael B Alfaro បានចុះទៅធ្វើសេចក្តីរាយការណ៍ផ្ទាល់នៅឯច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ជាទីដែលថៃបានរាយបន្លាលួសដែលបំពានមកលើទឹកដីកម្ពុជាដោយបានរៀបរាប់ពីទុក្ខសោករបស់ពលរដ្ឋកម្ពុជា ដែលរងការទន្រ្ទានទីលំនៅឋានពីសំណាក់កងទ័ពថៃ ។
វត្តមានរបស់លោក Michael B Alfaro នៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យប្រជាជន និងថ្នាក់ដឹកនាំថៃហាក់មានការមិនសប្បាយចិត្ត ដោយបានហាមលោក មិនឱ្យចូលទឹកដីប្រទេសថៃ ៕