Close

សម្ដេចតេជោណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធតែងតាំងស្ត្រីក្នុងមុខតំណែងឱ្យបានច្រើន ពិសេសតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋរលេខាធិការ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចតេជោណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធតែងតាំងស្ត្រីក្នុងមុខតំណែងឱ្យបានច្រើន ពិសេសតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋរលេខាធិការ សម្ដេចតេជោណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធតែងតាំងស្ត្រីក្នុងមុខតំណែងឱ្យបានច្រើន ពិសេសតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋរលេខាធិការ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំជាថ្មីម្ដងទៀត ដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ឱ្យជំរុញការតែងតាំងស្ត្រីដែលមានសមត្ថភាព ក្នុងមុខដំណែងឱ្យបានច្រើន ពិសេសថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋរលេខាធិការ។ ការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤ ៧០៥ នាក់ នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បេក្ខភាពជានារីពុំសូវមានការយកចិត្តទុកដាក់ក្នុងការផ្ដល់នូវមុខដំណែងនោះទេ។ សូម្បីតែរយៈពេលកន្លងទៅបានសង្កេតឃើញថាបណ្ដាស្ថាប័នខ្លះ សំណើឡើងមកឃើញថាការស្នើតែងតាំង ថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋរលេខាធិការ គឺមានតែស្ត្រីតែម្នាក់គត់ ក្នុងងចំណោមសំណើរបស់រដ្ឋមន្ត្រី។

សម្តេចតេជោ មានប្រសាសន៍បន្តថា ទន្ទឹមនេះ ដល់ទៅថ្នាក់រដ្ឋបាល ពិសេសផ្នែកមុខងារសាធារណៈវិញ បញ្ជូនសំណើមក ដូចជាថ្នាក់ប្រធាននាយកដ្ឋាន អគ្គនាយករង ឃើញសុទ្ធតែប្រុសទៀត អត់ឃើញមានស្ត្រី។ សម្ដេចតេជោគូសបញ្ជាក់ថា៖ «យើងសុខចិត្តធ្វើនិយ័តកម្មក្របខណ្ឌ ដែលគេហៅថា ឋានន្តរស័ក្ដិ ដើម្បីកែសម្រួលឱ្យត្រូវ ព្រោះយើងមានបទបញ្ញត្តិថា ឧទាហរណ៍ប្រធាននាយកដ្ឋាន ត្រូវមានឋានន្តរស័ក្ដិជាអនុមន្ត្រី ឬជាវរៈមន្ត្រី អគ្គនាយក ឬអគ្គនាយករង ជាឧត្ដមន្ត្រី ឬជាវរៈមន្ត្រី។ ចំណុចនេះយើងអាចធ្វើនិយ័តភាពបានទេ»។

សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា ៖ «សូមបញ្ជូនសារនេះទៅតាម អស់លោក ឯកឧត្ដម លោកជំទាវជារដ្ឋមន្ត្រីផង តិចថាតែងតាំងមិនបានដោយសុទ្ធតែជាមន្ត្រីក្រមការទាំងអស់ ហើយបើមិនដំឡើងគ្នាផង ឱ្យគ្នាឡើងដូចម្ដេច»។ សម្ដេចតេជោលើកឡើងដែរថា ក្នុងពេលរយៈកន្លងទៅនេះ ឃើញថា ការងារថ្នាក់ជាតិ បានផ្ទេរទៅឱ្យថ្នាក់ក្រោមជាតិច្រើនហើយ។ ដូច្នេះ សម្ដេច ក៏បានពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង និងនាំគ្នាធ្វើវិសោធនកម្មច្បាប់ទាក់ទិនជាមួយនឹងគេហៅថា ក្របខណ្ឌនៃចំនួនអាសនៈ ស្រុក ខ័ណ្ឌ និងក្រុង ហើយដល់តែលើកសំណើសុំតែងតាំង ឃើញតែមនុស្សប្រុស អត់មានស្រី។ វាចម្លែកតែកន្លែងហ្នឹង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្ថែមថា យើងឃើញាចំនួនស្ត្រីដែលត្រូវតែងតាំងក្នុងមុខងារមានចំនួនកើនមែន ប៉ុន្តែកើនវាមិនស្រប ក្នុងខណៈដែលធនធានមនុស្ស ផ្នែកស្ត្រីមានច្រើន ដែលសម្ដេចសង្ឃឹមថា ថ្ងៃខាងក្រោយបន្ទាប់ពីការណែនាំទៅ គឺចំនួនស្ត្រីក្នុងមុខដំណែង នឹងទទួលបានការយកចិត្តទុកដាក់ច្រើន សម្រាប់ស្ត្រីរបស់យើង៕

អត្ថបទទាក់ទង