Close

លោក ឃឹម ហ្វីណង់ ច្រានចោលចំពោះការលើកឡើងរបស់គណនី IBoi ថា ឡាក់គីស្លាប់ដោយសារមិនមានពេទ្យព្យាបាល

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់ ច្រានចោលចំពោះការលើកឡើងរបស់គណនី IBoi ថា ឡាក់គីស្លាប់ដោយសារមិនមានពេទ្យព្យាបាល លោក ឃឹម ហ្វីណង់ ច្រានចោលចំពោះការលើកឡើងរបស់គណនី IBoi ថា ឡាក់គីស្លាប់ដោយសារមិនមានពេទ្យព្យាបាល

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានច្រានចោលចំពោះការ ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយគណនី IBoi ថា ឡាក់គីស្លាប់ដោយសារមិនមានពេទ្យព្យាបាល ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ លោក ឃឹម ហ្វីណង់បញ្ជាក់ថា «ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយគណនី IBoi គឺជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ក្រុមពេទ្យសត្វរបស់យើង ដែលបានខិតខំប្រឹងប្រែងសង្គ្រោះជីវិតឡាក់គី ទាំងយប់ទាំងថ្ងៃ ដោយមិនដែលគិតពីថ្ងៃសម្រាកឡើយ»។

លោកបន្តថា «ចាប់តាំងពីទទួលបានដំណឹងថាឡាក់គី ចាប់ផ្តើមឈឺនិងបាត់បង់ចំណង់អាហារភ្លាមៗ ក្រុមការងាររបស់យើងបានចុះជួយអន្តរាគមន៍ភ្លាមៗ ដែលក្នុងនោះក៏មានវត្តមានលោកស៊ី ថេង នៅជាមួយរហូតផងដែរ»។

លោក ឃឹម ហ្វីណង់ ច្រានចោលចំពោះការលើកឡើងរបស់គណនី IBoi ថា ឡាក់គីស្លាប់ដោយសារមិនមានពេទ្យព្យាបាល

លោកបន្ថែមថា « ខ្លឹមសារដើមនៅលើគណនី Wildlife Care គ្រាន់តែជាការបង្ហាញពីអារម្មណ៍សោកសៅមួយប៉ុណ្ណោះ ហើយពាក្យថា«ស្លាប់ដោយសារ…» គឺជាពាក្យដែលគណនី IBoi ប្រឌិតដោយខ្លួនឯងទេ។មានតែលទ្ធផលនៃកោសល្យវិច័យមួយគត់ ទើបអាចបញ្ជាក់ពីមូលហេតុពិតប្រាកដនៃជំងឺរបស់ឡាក់គីបាន»។

ជាមួយគ្នានេះ លោកស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបន្ថែមបន្ថយទាំងឡាយដើម្បីទាក់ទាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការស្លាប់របស់ឡាក់គី ដែលនាំឱ្យមានការសន្និដ្ឋានខុសនិងការយល់ច្រឡំដូចនេះបន្តទៀត។

ដំរីញីជាទីស្រឡាញ់ឈ្មោះ«ឡាក់គី» បានស្លាប់នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រនេះ។
ក្រុមពេទ្យសត្វបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ«ឡាក់គី»បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ៕