Close

អ៊ីតាលីព្រមធ្វើបត្យាប័នប្រគល់កូនប្រុសមន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ទៅឲ្យអាមេរិក

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អ៊ីតាលីព្រមធ្វើបត្យាប័នប្រគល់កូនប្រុសមន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ទៅឲ្យអាមេរិក អ៊ីតាលីព្រមធ្វើបត្យាប័នប្រគល់កូនប្រុសមន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ទៅឲ្យអាមេរិក

បរទេស​ ៖ តុលាការរបស់ប្រទេសអ៊ីតាលីកាលពីថ្ងៃអង្គារម្សិលមិញនេះបានចេញសាលដីកាព្រមទទួលយកការស្នើសុំធ្វើបត្យាប័នប្រគល់បុរសជាប់ទោសជនជាតិរុស្ស៊ីម្នាក់ដែលមានឈ្មោះថា​ Artem Uss ទៅឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

លោក Artem Uss ដែលត្រូវបានគេស្គាល់ថាជាកូនប្រុសរបស់លោក Alexander Uss អភិបាលក្រុង​Krasnoyarsk នោះត្រូវបានចាប់ខ្លួននិងបានទទួលរងការចោទប្រកាន់ទោសថាបានល្មើសទៅនឹងគោលការណ៍ច្បាប់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីផង​ និងទោសនៃការលាងលុយខុសច្បាប់ផង។

លោក Artem Uss អាយុ៤០ឆ្នាំត្រូវបានចាប់ឃាត់ខ្លួននៅក្នុងប្រទេសអ៊ីតាលីតាំងតែពីខែតុលានៅឯអាកាសយានដ្ឋាន Malpensa តាមបញ្ជារបស់សហរដ្ឋអាមេរិកដែលបានបញ្ចូលឈ្មោះគាត់នៅក្នុងបញ្ជីជាមួយនឹងជនជាតិរុស្សី៥នាក់ផ្សេងទៀតទាក់ទិននឹងករណីជួយរដ្ឋាភិបាលទីក្រុងមូស្គូគេចវេសពីទណ្ឌកម្មរបស់លោកខាងលិច។

បច្ចុប្បន្នលោក Uss កំពុងស្ថិតនៅក្នុងការឃុំខ្លួននៅក្នុងផ្ទះមួយកន្លែងនាទីក្រុង Milan ហើយតែងតែបដិសេធមិនទទួលយកការចោទប្រកាន់​ និងបន្តធ្វើការជាមួយនឹងមេធាវីរបស់ខ្លួននៅឡើយដើម្បីប្រឆាំងទៅនឹងការសម្រេចចិត្តព្រមទាំងប្រឆាំងទៅនឹងការសុំធ្វើបត្យាប័នដោយសហរដ្ឋអាមេរិកផងដែរ។

គួរឲ្យដឹងដែរថា កាលពីខែតុលាដូចគ្នានេះតុលាការរុស្សីក៏បានចេញសាលដីកាចាប់ខ្លួនលោក Uss និងដាក់បញ្ចូលឈ្មោះគាត់នៅក្នុងបញ្ជីដែលសហព័ន្ធចង់បានបំផុតផងដែរលើបទចោទប្រកាន់លាងលុយខុសច្បាប់ដូចគ្នាហើយមិនត្រឹមតែប៉ុណ្ណោះក៏បានធ្វើការស្នើសុំធ្វើបត្យាប័ននាំខ្លួនមកប្រទេសរុស្ស៊ីវិញផងដែរដើម្បីធ្វើការកាត់ទោស៕

អត្ថបទទាក់ទង