រកឃើញរូបបដិមាដ៏ សំខាន់មួយនៅខេត្តកំពង់ធំ យកទៅរក្សាទុកនៅសារមន្ទីរខេត្ត
កំពង់ធំ៖ រូបបដិមា មួយដែលគេសង្ស័យថាជារបស់បុរាណ ត្រូវបានប្រជាពលរដ្ឋម្នាក់រកឃើញកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
យោងតាមព័ត៌មានដែលទទួលបានពីលោក កាក់ ប៊ុនថន អ្នកដែលបានរកឃើញរូបបដិមានេះបានឱ្យដឹងថា រូបសំណាកនេះត្រូវបានរកឃើញត្រង់ចំណុចខាងលិចវត្តពង្រ ក្នុងភូមិជីមាឃផ្ទាល់។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ថ្នាក់ដឹកនាំ និងក្រុមការងារជំនាញខេត្តបានចុះទៅដល់ទីតាំងភ្លាមៗនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីទទួលយករូបបដិមានេះ។ វត្ថុបុរាណនេះត្រូវបានប្រគល់ និងយកទៅរក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំជាបណ្តោះអាសន្ន។
បច្ចុប្បន្ន ក្រុមការងារជំនាញនៅសារមន្ទីរខេត្តកំពង់ធំ កំពុងធ្វើការសិក្សាស្រាវជ្រាវ និងពិនិត្យលម្អិតបន្ថែមទៀត ដើម្បីកំណត់ពីប្រភពដើម និងសម័យកាលពិតប្រាកដរបស់រូបបដិមានេះ មុននឹងចេញផ្សាយជាផ្លូវការ៕