កងទ័ពថៃត្រៀមឆ្លើយតបការពារខ្លួនជាមួយកម្ពុជា បន្ទាប់ពីទាហានរបស់ខ្លួនម្នាក់ទៀតជាន់មីននៅព្រំដែន
ទីក្រុងបាងកក, ប្រទេសថៃ – កងទ័ពថៃបានប្រកាសថា ខ្លួនកំពុងត្រៀមខ្លួនប្រើប្រាស់សិទ្ធិការពារខ្លួន បន្ទាប់ពីបានចោទប្រកាន់កម្ពុជាថា បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ដោយប្រើប្រាស់អាវុធលាក់បាំង និងមីនដើម្បីវាយប្រហារលើទាហានថៃ។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English នៅថ្ងៃទី ១២ ខែសីហានេះ ។
ប្រភពដដែលបន្តថា ការប្រកាសនេះធ្វើឡើង បន្ទាប់ពីមានហេតុការណ៍មួយដែលពលបាលឯក ថេរ៉ាផូល ភាខាន់ទី បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅជើងរបស់គាត់ ដោយសារតែជាន់មីនប្រឆាំងមនុស្សនៅក្បែរប្រាសាទតាមាន់ធំ ក្នុងខេត្តសុរិន្ទ។ កងទ័ពថៃអះអាងថា មីននោះត្រូវបាន “ដាក់ដោយសម្ងាត់ពីខាងកម្ពុជា”។
អ្នកនាំពាក្យកងទ័ពថៃ ឧត្តមសេនីយ៍ទោ Winthai Suvaree បានលើកឡើងថា ឧប្បត្តិហេតុនេះគឺជាភស្តុតាងយ៉ាងច្បាស់ថា ភាគីកម្ពុជាបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងមិនគោរពច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសសន្ធិសញ្ញាអូតាវ៉ា ដែលហាមឃាត់ការប្រើប្រាស់ និងការដាក់មីនប្រឆាំងមនុស្សគ្រប់ប្រភេទ។ លោកបានបន្ថែមថា នេះគឺជាការវាយឆ្មក់ដោយចេតនា និងបានកើតឡើងនៅក្នុងទឹកដីថៃ។
លោក Winthai Suvaree ក៏បានកត់សម្គាល់ផងដែរថា ឧប្បត្តិហេតុស្រដៀងគ្នានេះបានកើតឡើងជាច្រើនដង ដែលឆ្លុះបញ្ចាំងពីចេតនាព្យាបាទរបស់កម្ពុជា និងការបន្តគំរាមកំហែងដល់ប្រទេសថៃ។ លោកបញ្ជាក់ថា កងទ័ពថៃតែងតែប្រកាន់ខ្ជាប់នូវវិធីសាស្ត្រដោយសន្តិភាព ប៉ុន្តែប្រសិនបើសភាពការណ៍ក្លាយជាភាពចាំបាច់ដោយបង្ខំ វាអាចតម្រូវឲ្យប្រើប្រាស់សិទ្ធិការពារខ្លួនក្រោមច្បាប់អន្តរជាតិ ដើម្បីដោះស្រាយស្ថានការណ៍ដែលបណ្តាលឲ្យមានការខាតបង់ជាបន្តបន្ទាប់ដល់ប្រទេសថៃ។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានបញ្ជាក់ម្តងហើយម្តងទៀតថា ការចោទប្រកាន់មកលើកម្ពុជាពីសំណាក់ភាគីថៃថា កម្ពុជាទើបតែបានដាក់មីនថ្មីៗនោះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានដោយគ្មានការស៊ើបអង្កេតពីអ្នកជំនាញឯករាជណាគួរឱ្យទុកចិត្តបានទេ ពោលគឺចោទដោយខ្លួនឯងដើម្បីតែបង្កើតរឿង។
លោកបន្ថែមថា «ដូច្នេះ កម្ពុជាច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់គ្មានមូលដ្ឋាននិងមិនអាចគួរទុកចិត្តបាននិងក្នុងចេតនាមិនល្អរបស់ភាគីថៃ»៕