Close

ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC រវាងកម្ពុជា-ថៃ នៅម៉ាឡេស៊ី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC រវាងកម្ពុជា-ថៃ នៅម៉ាឡេស៊ី ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC រវាងកម្ពុជា-ថៃ នៅម៉ាឡេស៊ី

ភ្នំពេញ៖ ខណៈដែលកម្ពុជា និងថៃបានកោះប្រជុំនៅថ្ងៃនេះ (ទី៤ ខែសីហា) នៅប្រទេសម៉ាឡេស៊ី សម្រាប់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ឯកអគ្គរដ្ឋទូតអាល្លឺម៉ងប្រចាំកម្ពុជា លោក Stefan Messerer បានប្រកាសស្វាគមន៍ និងបានចាត់ទុកជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ។

ការប្រកាសស្វាគមន៍នេះ បន្ទាប់ពី ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកឯកអគ្គរដ្ឋទូត Stefan Messerer ទៅកាន់តំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅថ្ងៃសុក្រ ទី០១ ខែសីហា រួមជាមួយនឹង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន និងសមាជិកសហគមន៍ការទូត ធ្វើជាការរំលឹកទាន់ពេលវេលាថា ចំណុចស្នូលនៃជម្លោះនីមួយៗគឺជាជីវិតពិត និងមនុស្សពិត។ និងបន្ទាប់ពីបទឈប់បាញ់នាពេលថ្មីៗនេះ ដំណើរទស្សនកិច្ចនេះបានបំភ្លឺអំពីស្ថានភាពនៃជនភៀសសឹកដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ។

ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC រវាងកម្ពុជា-ថៃ នៅម៉ាឡេស៊ី

នាឱកាសនេះ លោកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ក្នុងការគាំទ្រសន្តិភាពតាមរយៈការសន្ទនា ដោយសង្កត់ធ្ងន់ថាអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត ជាពិសេសបុគ្គល និងគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ មិនត្រូវបំភ្លេចចោលក្នុងដំណើរការការទូតឡើយ។

លោកបន្ថែមថា សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិក្នុងការវិលត្រឡប់មកមាតុភូមិវិញដោយសន្តិភាព ត្រូវតែរក្សាជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និងការផ្សះផ្សា។

ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ។ សន្តិភាពប្រកបដោយនិរន្តរភាពទាមទារលើសពីកិច្ចព្រមព្រៀងដែលបានចរចា វាទាមទារឱ្យស្តាប់អ្នកដែលមិននៅតុចរចារ ប៉ុន្តែនៅជិតការរងគ្រោះបំផុត។

នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើដំណើរប្រកបដោយសុវត្ថិភាពមកដល់ប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី៤-៦ ខែសីហា ឆ្នាំ២០២៥ និងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ៕

ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC រវាងកម្ពុជា-ថៃ នៅម៉ាឡេស៊ី