Close

ក្រសួងបរិស្ថានចុះ MOU ជាមួយអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងបរិស្ថានចុះ MOU ជាមួយអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រសួងបរិស្ថានចុះ MOU ជាមួយអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ភ្នំពេញ៖ ក្រសួងបរិស្ថាននិង ក្រុមហ៊ុន Everwave GmbH បានចុះហត្ថលេខា លើការអនុវត្តគម្រោង Blue Cambodia-Everwave’s cleanup Project និង គម្រោងសម្អាតអានម័យបរិស្ថាន រួមបញ្ជូលទាំងការប្រមូលសំណល់ ក្នុងនិងក្បែរប្រភពទឹក និងការញែកសំណល់ផងដែរ។

ពិធីចុះហត្ថលេខាលើនេះ ធ្វើឡើងនៅទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រជាជនអាល្លឺម៉ង់ និងអង្គការដៃគូសហការ ដែលបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាបរិស្ថានទាំងក្នុងតំបន់ និងសកល ជាពិសេសការកាត់បន្ថយការបំពុលដោយប្លាស្ទិក។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។

ក្រសួងបរិស្ថានចុះ MOU ជាមួយអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

សរសរស្ដម្ភទីមួយ ភាពស្អាត គឺភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងបរិសយាកាស សំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត។
សម្រាប់ភាពស្អាតលើដី ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក នៅកម្ពុជា និងឆ្ពោះទៅអនាគតកម្ពុជាស្អាត។

ជាលទ្ធផល រហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក សរុបប្រមាណជាង ៩,៥លានអង្គ/នាក់។

បន្ទាប់ពីបានទទួលបានជោគជ័យពីយុទ្ធនាការនេះ ដែលជាយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលតម្រូវឱ្យមានការចូលរួម ចំណាយពេល ដើម្បីសម្អាត ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។

ជាថ្មីម្ដងទៀត យុទ្ធនាការនេះ កំពុងទទួលបានជោគជ័យគួរជាទីមោទនៈ ដោយរយៈពេលត្រឹមតែជិត៣ខែតែប៉ុណ្ណោះ បានទទួលការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃនិងសិស្សានុសិស្ស ចូលរួមសរុប ២ ៣៩៤ ១៩៣ អង្គ/នាក់ នៅតាមឃុំសង្កាត់ ចំនួន៦៣៤ និង ក្រុង ស្រុក ខណ្ឌ ១២៤ ក្នុងខេត្តនិងរាជធានីភ្នំពេញទូទាំងប្រទេស។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាននឹងដាក់ចេញនូវយុទ្ធនាការជំហានទីបី នោះគឺការទុកដាក់និងញែកសំរាម ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យប្រទេសកម្ពុជាយើងទទួលបានភាពស្អាត៕

ក្រសួងបរិស្ថានចុះ MOU ជាមួយអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក