កសិករដាំស្រូវសែនក្រអូប នៅស្រុកបារាយណ៍ ទទួលបានប្រាក់ចំណេញច្រើន
ខេត្តកំពង់ធំ– កសិករដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលប្រាក់ចំណេញខ្ពស់ជាងគួរឲ្យកត់សម្គាល់ពីការដាំដុះ ស្រូវសែនក្រអូប នៅរដូវកាលនេះ បើធៀបនឹងអ្នកដាំស្រូវ OM ។ ពួកគាត់ទទួលបានប្រាក់ចំណេញកើនឡើងជិត ១ លានរៀលក្នុងមួយហិកតា។
កត្តាចម្បងដែលរួមចំណែកដល់ការកើនឡើងប្រាក់ចំណេញនេះ គឺតម្លៃលក់ស្រូវសែនក្រអូបដែលខ្ពស់ជាង ដោយបច្ចុប្បន្នកំពុងលក់ចេញក្នុងតម្លៃ ១,២៧០ រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះខ្ពស់ជាងតម្លៃស្រូវ OM ប្រមាណ ៤៥០ រៀល ទោះបីជាស្រូវ OM ផ្តល់ទិន្នផលខ្ពស់ជាងក្នុងមួយហិកតាក៏ដោយ។
លើសពីនេះ កសិករក៏ទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយចំណាយលើធាតុចូល និងថ្លៃការប្រាក់ទាបជាង។ ជាពិសេស ពួកគេសន្សំបានរហូតដល់ ៣០,០០០ រៀលក្នុងមួយបាវសម្រាប់ថ្លៃជី បើធៀបនឹងតម្លៃដែលកសិករម្នាក់ៗជាទូទៅទិញ។
ដោយសារលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះ សហគមន៍រំពឹងថានឹងមានសមាជិកថ្មីបន្ថែមទៀតនៅរដូវកាលក្រោយ ដែលនឹងពង្រីកផ្ទៃដីផលិតកម្មរបស់ពួកគេពី ១,០០០ ហិកតា ទៅ ជាង ៥,០០០ ហិកតា។
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណាបានសង្កត់ធ្ងន់ពីអត្ថប្រយោជន៍នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ការជ្រើសរើសពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់ដាំដុះ និងការចុះកិច្ចសន្យាទិញលក់ទុកជាមុន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឲ្យសហគមន៍ត្រៀមផែនការឲ្យបានច្បាស់លាស់សម្រាប់ផលិតកម្មនៅរដូវកាលបន្ទាប់ ជាពិសេសការត្រៀម ទុន ពូជ និងទីផ្សារ។
ក្រសួងកសិកម្មនឹងសហការជាមួយក្រសួងធនធានទឹក ដើម្បីសិក្សា និងរៀបចំប្រព័ន្ធស្រោចស្រពគោលដៅ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធានាថាការផលិតស្រូវនៅក្នុងតំបន់នេះមានទឹកគ្រប់គ្រាន់តាមតម្រូវការជាក់ស្តែង។