រដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ កម្ពុជាមានមហិច្ឆតាធ្វើដំណើរពីសៀមរាប ទៅសមុទ្រ តាមរយៈព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងពីចក្ខុវិស័យដ៏ធំមួយថា នាពេលអនាគតកម្ពុជានឹងអាចធ្វើដំណើរពីខេត្តសៀមរាប ទៅកាន់តំបន់ឆ្នេរសមុទ្របានយ៉ាងងាយស្រួល តាមរយៈ ព្រែកជីកហ្វូណនតេជោ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបថ្មី កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
លោក ប៉េង ពោធិ៍នា ថ្លែងថា បច្ចុប្បន្ន គម្រោងព្រែកជីកដ៏សំខាន់នេះ កំពុងដំណើរការតាមផែនការ ហើយនៅពេលបញ្ចប់ វានឹងតភ្ជាប់ពីទន្លេទៅសមុទ្រ បង្កើតផ្លូវទឹកថ្មីមួយទៀតសម្រាប់កម្ពុជា។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រព័ន្ធផ្លូវទឹកនេះ គឺជាផ្នែកមួយនៃគោលនយោបាយចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល ដែលនឹងជួយជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបានបន្ថែមថា ការដឹកនាំរបស់រាជរដ្ឋាភិបាលមិនមែនគ្រាន់តែជាការនិយាយនោះទេ គឺពោរពេញទៅដោយសកម្មភាពជាក់ស្ដែង ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ។
លោក ប៉េង ពោធិ៍នា ក៏បានរំលឹកផងដែរថា ចាប់តាំងពីកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍មក ថ្នាក់ដឹកនាំជាតិតែងតែខិតខំកសាងប្រទេសពីបាតដៃទទេ។ ជាក់ស្ដែង ក្រោមការប្ដេជ្ញាចិត្តខ្ពស់ កម្ពុជាបានសម្រេចការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យសាធារណការ និងដឹកជញ្ជូន ដែលបានពង្រីកការតភ្ជាប់ពីទីប្រជុំជនទៅតំបន់ជនបទ បង្កភាពងាយស្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្រទី១ របស់ប្រទេសកម្ពុជា ខណៈគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥កន្លងទៅ។
គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០ គីឡូម៉ែត្រនេះគឺចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។
ចំពោះការសាងសង់ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបាន។
ហើយគម្រោងផ្លូវទឹកនេះនឹងចំណាយទុនចំនួន ១.៧ ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន CRBC ស្ថិតក្នុងរូបភាព BOT។
ក្នុងនោះក្រុមហ៊ុនខ្មែរកាន់កាប់ទុនវិនិយោគ ៥១% និងក្រុមហ៊ុន CRBC កាន់កាប់ទុនវិនិយោគ៤៩% និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខ៕