លោក ត្រាំ ថា អ៊ុយក្រែនមិនគួរវាយប្រហារទីក្រុងម៉ូស្គូទេ
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា អ៊ុយក្រែនមិនគួរកំណត់គោលដៅវាយប្រហារលើទីក្រុងម៉ូស្គូនោះទេ។
ការបញ្ជាក់បែបនេះ បានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍មួយដែលចេញផ្សាយដោយ The Financial Times បានបង្ហាញថា លោក ត្រាំ ធ្លាប់បានលើកទឹកចិត្តប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឱ្យពិចារណាវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងម៉ូស្គូ និងទីក្រុង St. Petersburg ផងដែរ ប្រសិនបើអ៊ុយក្រែនត្រូវបានផ្គត់ផ្គង់ដោយអាវុធរយៈចម្ងាយឆ្ងាយ។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបំភ្លឺអំពីការលើកឡើងរបស់លោក ត្រាំ កាលពីមុន ដោយបានបញ្ជាក់ថា លោកគ្រាន់តែជា «ការសួរសំណួរប៉ុណ្ណោះ មិនមែនជាការលើកទឹកចិត្តឱ្យមានការសម្លាប់មនុស្សបន្ថែមទៀតនោះទេ»។
លោកស្រិបន្ថែមថា មតិយោបល់នេះបានបង្ហាញពីការផ្លាស់ប្តូរជំហររបស់លោក ត្រាំ ចំពោះសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដោយលោកទើបតែបានប្រកាសពីផែនការផ្តល់សព្វាវុធបន្ថែមទៀតដល់អ៊ុយក្រែន ហើយបានគំរាមដាក់ពន្ធគយលើរុស្ស៊ី ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពមិនត្រូវបានសម្រេចក្នុងរយៈពេល ៥០ ថ្ងៃ៕
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមមើលអត្ថបទ Al Jazeera ៖https://www.aljazeera.com/news/2025/7/16/trump-says-ukraine-should-not-target-moscow