សន្និសីទតភ្ជាប់ធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យសម្រេច ២០ ពាន់លានដុល្លារ

ទីក្រុងហូជីមីញ៖ នៅទី១៥ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំ សន្និសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម។
សន្និសីទនេះរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា។
ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងធុរជនសរុបជាង ២០០ នាក់ មកពីប្រទេសទាំងពីរ។ គោលបំណងចម្បងនៃសន្និសីទនេះ គឺដើម្បីពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា។
ថ្លែងក្នុងសន្និសីទនោះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ដោយប្រទេសទាំងពីរបានកំណត់គោលដៅមហិច្ឆតាឈានទៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីសរុប ២០ ពាន់លានដុល្លារ នៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ អ្នកឧកញ៉ាបានបន្ថែមថា ក្រៅពីពាណិជ្ជកម្ម វៀតណាមគឺជាវិនិយោគិនបរទេសដ៏ធំមួយ ក្នុងចំណោមវិនិយោគិនធំៗទាំងប្រាំ នៅកម្ពុជា ដោយមានគម្រោងជាង ២០០ គម្រោង ដែលមានតម្លៃជិត ៣ ពាន់លានដុល្លារ ក្នុងវិស័យដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ ហិរញ្ញវត្ថុ ការកែច្នៃម្ហូបអាហារ រ៉ែ អាកាសចរណ៍ និងទេសចរណ៍។ លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនវៀតណាមមកបណ្តាក់ទុននៅកម្ពុជា និងបង្កើតទំនាក់ទំនងអាជីវកម្មរឹងមាំពីការពិភាក្សានេះ។
ឧកញ៉ា ឡេង រិទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជា បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា សហគ្រាសវៀតណាមនៅកម្ពុជា នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃប្រទេសទាំងពីរ ក៏ដូចជាពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា។
លោកឧកញ៉ាក៏បានស្នើទៅអ្នកឧកញ៉ា គិត ម៉េង ឱ្យបន្តភ្ជាប់ទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញការវិនិយោគទៅវិញទៅមករវាងសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីទាញយកផលប្រយោជន៍ និងអភិវឌ្ឍគ្នាទៅវិញទៅមក។
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានបន្តកើនឡើងឥតឈប់ឈរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងគួរឱ្យកត់សម្គាល់ ច្រើនជាង ១០ ពាន់លានដុល្លារ ដែលជាការកើនឡើង ៥៣.៣៤% បើធៀបនឹងឆ្នាំមុន។ សម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀត ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានរំពឹងថានឹងឈានដល់ ២០ ពាន់លានដុល្លារ។