មន្ត្រី៖ កសិករជាង ៥០ គ្រួសារនៅពោធិ៍សាត់ ត្រៀមប្តូរពីដំណាំដំឡូងមីទៅជាដំណាំហូបផ្លែ និងដំណាំបណ្ដោះអាសន្ន

ខេត្តពោធិ៍សាត់៖ កសិករជាង ៥០ គ្រួសារ ក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍ទំនើប ដើម្បីធ្វើពិពិធកម្មដំណាំពីដំឡូងមី ដែលតែងតែជួបបញ្ហាទីផ្សារ ទៅជាការដាំដុះឈើហូបផ្លែ និងដំណាំផ្សេងៗទៀតដែលមានសក្តានុពលទីផ្សារខ្ពស់។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៦ ខែកក្កដានេះ បញ្ជាក់ថា គម្រោងប្ដូរដំណាំនេះ នឹងត្រូវអនុវត្តលើផ្ទៃដីប្រមាណ ១០០ ហិកតា ដោយបែងចែកជាពីរដំណាក់កាល។
លោកបន្ថែមថា ដំណាក់កាលទីមួយនឹងចាប់ផ្តើមដាំដំណាំថ្មី ៥០% នៃផ្ទៃដីសរុប ហើយដំណាក់កាលទីពីរនឹងបញ្ចប់ការដាំដំឡូងមីទាំងស្រុងនៅឆ្នាំបន្ទាប់។
សហគមន៍បានសម្រេចជ្រើសរើសដំណាំឈើហូបផ្លែដែលមានតម្លៃបន្ថែមខ្ពស់ និងមានទីផ្សារស្រាប់ រួមមាន សាវម៉ាវ មង្ឃុត ប័រ និង ផាស្យុង។
ដើម្បីធានាប្រាក់ចំណូល និងជីវភាពរស់នៅរបស់កសិករក្នុងអំឡុងពេលផ្លាស់ប្តូរពីដំណាំរដូវកាលទៅដំណាំរយៈពេលវែង ក្រសួងកសិកម្មនឹងជួយបង្កើតមុខរបរថ្មីពីរទៀតសម្រាប់សហគមន៍។ មុខរបរទាំងនោះរួមមាន ផលិតកម្មបន្លែ និង ចិញ្ចឹមមាន់ស្រែរួមគ្នា នៅលើទីតាំងរួមមួយដែលមានប្រព័ន្ធស្រោចស្រពពេញលេញ។ តាមរយៈគម្រោងនេះ យ៉ាងហោចណាស់គ្រួសារនីមួយៗនឹងទទួលបានផ្ទះសំណាញ់មួយខ្នង និងទ្រុងមាន់មួយទៅតាមលទ្ធភាពជាក់ស្តែង។
ក្រៅពីនេះ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម សហគមន៍ក៏នឹងដាំដំណាំរយៈពេលខ្លីមួយចំនួននៅចន្លោះឈើហូបផ្លែទាំងនោះផងដែរ ដូចជា ល្មៀត ស្លឹកគ្រៃ សណ្តែកសៀង និង ចេក ជាដើម។
ក្រសួងកសិកម្មបានប្តេជ្ញាផ្តល់ការគាំទ្រពេញលេញទាំងលើ ដើមទុន បច្ចេកទេស និង ទីផ្សារ ដល់សហគមន៍ ដើម្បីធានាបាននូវភាពជោគជ័យនៃផែនការពិពិធកម្មដ៏សំខាន់នេះ៕