ប៉ូលិសថៃឆ្មក់ចូលផ្ទះ ១៩ ទីតាំងរបស់ លោក កុក អាន រឹបអូសរថយន្តទំនើប និងទឹកប្រាក់ ២៧ លានបាត
បាងកក៖ អាជ្ញាធរប៉ូលិសថៃបានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំមួយនៅទូទាំងទីក្រុងបាងកក ខេត្តសាមុតប្រាកាន និងខេត្តឈុនបុរី ដោយបានឆ្មក់ចូលផ្ទះ ១៩ ទីតាំងដែលជាកម្មសិទ្ធិរបស់លោក កុក អាន ជាមនុស្សស្និទ្ធ នឹងសម្តេចតេជោ ហ៊ុន សែន និងជា ” Godfather of Poipet”។ នេះ បើតាមសារព័ត៌មានថៃ Khaosod English នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥។
បើតាមប្រភពដដែល ក្នុងប្រតិបត្តិការនេះ ក្រុមប៉ូលិសបានរឹបអូសយករថយន្តទំនើបជាច្រើនគ្រឿង និងទ្រព្យសម្បត្តិបង្កកមានតម្លៃសរុប ២៧ លានបាត (ប្រមាណ ៧៣៤,០០០ ដុល្លារអាមេរិក)។
ព័ត៌មានលម្អិតអំពីប្រតិបត្តិការ “បិទគណនីលុយ”៖
ប្រតិបត្តិការនេះត្រូវបានដាក់ឈ្មោះថា «Shut Down Money Mule Accounts, Hunt Khmer Capital»។ គោលដៅចម្បងគឺលោក កុក អាន ដែលត្រូវបានប៉ូលិសថៃភ្ជាប់ទៅនឹងបណ្តាញឧក្រិដ្ឋកម្មខ្នាតធំ (call center gang empire)។ ក្នុងចំណោមទីតាំងដែលបានឆ្មក់ចូល ផ្ទះមួយនៅក្នុងបុរីលំនៅដ្ឋានក្នុងតំបន់ Bang Phli ខេត្តសាមុតប្រាកាន ត្រូវបានកំណត់ថាជាទីតាំងសំខាន់មួយ។
ប៉ូលិសមានដីកាឆែកឆេរពីតុលាការព្រហ្មទណ្ឌ ដើម្បីស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ដែលជាម្ចាស់ Crown Casino Resort នៅក្រុងប៉ោយប៉ែត។ លោកត្រូវបានចោទប្រកាន់ថាបានបោកប្រាស់ប្រជាជនថៃតាមរយៈអនឡាញពីក្នុងប្រទេសកម្ពុជា។ ប៉ូលិសក៏បានចោទប្រកាន់លោកពីបទចូលរួមក្នុងអង្គការឧក្រិដ្ឋកម្មឆ្លងដែន និងការលាងលុយកខ្វក់។
ប្រវត្តិករណី និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន៖
ប្រតិបត្តិការនេះគឺជាលទ្ធផលនៃការស៊ើបអង្កេតរបស់នាយកដ្ឋានប៉ូលិសស៊ើបអង្កេតឧក្រិដ្ឋកម្មបច្ចេកវិទ្យា (CCIB) ក្រោមដីកាលេខ ១៧២/២៥៦៨ ចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ ដែលបានបង្កើតគណៈកម្មាធិការស៊ើបអង្កេតករណីពាក់ព័ន្ធ។
ការស៊ើបអង្កេតបានបង្ហាញថា ករណីនេះពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនមួយ ដែលមានសមាជិកជាច្រើនសញ្ជាតិ និងមានការបែងចែកការងារច្បាស់លាស់។ មជ្ឈមណ្ឌលប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជននេះត្រូវបានបង្កើតឡើងនៅទីតាំងផ្សេងៗក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា រួមមាន៖
• អគារ ២៥ ជាន់ (25-story building)
• អគារ ១៨ ជាន់ (18-story building)
• អគារ HISO
• និង Crown Casino
ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ទីតាំងទាំងនេះដើម្បីធ្វើសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញជាច្រើនប្រភេទ រួមមាន Hybrid Scams (ការបោកប្រាស់ចម្រុះ) Call Centre (មជ្ឈមណ្ឌលបោកប្រាស់តាមទូរស័ព្ទ) និងការលាងលុយកខ្វក់តាមរយៈគណនី “លុយស៊ី” (money mule accounts) និងរូបិយប័ណ្ណឌីជីថល។
របាយការណ៍បន្តថា ក្រុមឧក្រិដ្ឋជនបានបោកបញ្ឆោតពលករថៃយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យទៅធ្វើការជាអ្នក “លុយស៊ី” ដោយបង្ខំឱ្យពួកគេស្កេនមុខដើម្បីបញ្ជាក់ប្រតិបត្តិការហិរញ្ញវត្ថុ។ លើសពីនេះ ក៏មានករណីឃុំឃាំងមនុស្សដោយខុសច្បាប់នៅបរទេសផងដែរ។
ភស្តុតាងដែលរកឃើញ៖
ការស៊ើបអង្កេតបានបង្ហាញថា ជនសង្ស័យជនជាតិខ្មែរ (សំដៅលើលោក កុក អាន) គឺជាម្ចាស់អគារដែលក្រុមឧក្រិដ្ឋកម្មឆ្លងដែនប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើស។ មិនត្រឹមតែប៉ុណ្ណោះ លោក ក៏ត្រូវបានចោទថា បានចូលរួមដោយផ្ទាល់ ឬដោយប្រយោលក្នុងសកម្មភាពរបស់អង្គការឧក្រិដ្ឋកម្មឆ្លងដែននេះ ដោយដឹងច្បាស់ពីគោលបំណងរបស់ពួកគេ។
ក្នុងចំណោមការឆែកឆេរទាំង ១៩ ទីតាំង ក្រុមប៉ូលិសបានរឹបអូសបានរថយន្តទំនើបជាច្រើនគ្រឿង និងទ្រព្យសម្បត្តិបង្កកសរុបចំនួន ២៧ លានបាត។ ប៉ូលិសបច្ចេកវិទ្យានឹងរៀបចំសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃនេះ ដើម្បីប្រកាសលម្អិតអំពីអង្គហេតុនៃករណីនេះ៕