ទីម័រឡេស្តេ ស្វែងយល់គោលនយោបាយវិនិយោគ ឧស្សាហកម្មនិងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា
ភ្នំពេញ៖ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសទីម័រឡេស្តេ មានបំណងស្វែងយល់ពីគោលនយោបាយវិនិយោគ ការសម្របសម្រួលជំរុញអនុវត្តគោលនយោបាយឧស្សាហកម្ម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។
ការបង្ហាញបំណងបែបនេះធ្វើឡើងក្នុងជំនួបរវាងលោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសទីម័រឡេស្តេ ដឹកនាំដោយលោក Elias De Jesus Fatima ប្រធានសម្របសម្រួលការិយាល័យកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងកំណែទម្រង់ នៅថ្ងៃទី០៣ ខែកក្កដា។
លោកបានជម្រាបជូនគណៈប្រតិភូដោយសង្ខេបអំពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ច្បាប់ស្តីពីវិនិយោគ, គោលនយោបាយដែលពាក់ព័ន្ធនឹងការវិនិយោគ និងការជំរុញអភិវឌ្ឍវិស័យឧស្សាហកម្ម, ការលើកទឹកចិត្តវិនិយោគ, វិស័យអាទិភាព,យន្តការគាំទ្រដល់ការវិនិយោគ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចុះហត្ថលេខាទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ហើយដែលបានបង្កលក្ខណៈឱ្យកម្ពុជាពង្រីកទីផ្សារសម្រាប់ទំនិញរបស់ខ្លួនទៅក្នុងតំបន់ និងសកលលោក។
ក្នុងជំនួបពិភាក្សានេះ ក៏បានធ្វើបទបង្ហាញអំពីសាវតានៃការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសនាពេលបច្ចុប្បន្ន, ប្រភេទនៃគម្រោងវិនិយោគនៅក្នុងតំបន់, និងបរិមាណនៃការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសទៅកាន់ប្រទេសនានាផងដែរ។
ទន្ទឹមគ្នានេះ គណៈប្រតិភូ បានសម្តែងការកោតសរសើចំពោះភាពរីកចម្រើនរបស់កម្ពុជា និងការដាក់ចេញនូវគោលនយោបាយនានាដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងបានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងចែករម្លែកនូវបទពិសោធន៍និងមេរៀនល្អៗដែលកម្ពុជាបានជួបប្រទះ ហើយដែលគណៈប្រតិភូនឹងប្រមូលធាតុចូលទាំងនេះដើម្បីរៀបចំគោលនយោបាយ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព៕