ក្រុមហ៊ុន Hong Leong មានបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. បានបង្ហាញបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជា ។ នេះ បើតាមជំនួបពិភាក្សាការងាររវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Hoo Wan Tim អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥។
នាឱកាសនោះ លោក អគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុនបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីសិក្សាបន្ថែមពីបរិស្ថានវិនិយោគ។
លោកបានជម្រាបជូនគណៈប្រតិភូពីស្ថានភាពគម្រោងផ្គុំដំទ្បើងទោចក្រយានយន្តមួយចំនួនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងរបបលើកទឹកចិត្តដល់គម្រោងវិនិយោគផ្គុំ និងដំទ្បើងទោចក្រយានយន្ត។
ជាមួយគ្នានេះលោក បានជម្រាបជូនគណៈប្រតិភូពីសក្តានុពលវិនិយោគក្នុងវិស័យមួយចំនួនផ្សេងទៀត ដូចជា វិស័យកសិ-ឧស្សាហកម្ម, ការផលិតឧបករណ៍អេឡិចត្រូនិក និងគ្រឿងបង្គុំអគ្គិសនីដែលជាកន្សោមឧស្សាហកម្មដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការផលិតគ្រឿងសង្ហារិមផងដែរ ដែលក្រុមហ៊ុនអាចគិតគូរពិចារណាបណ្តាក់ទុនវិនិយោគ។
ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. គឺជាក្រុមហ៊ុនផលិតម៉ូតូម៉ាក Yamaha នៅប្រទេសម៉ាទ្បេស៊ីតាំងពីឆ្នាំ១៩៧៩ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Leong Group ដែលមានសកម្មភាពអាជីវកម្មក្នុងវិស័យជាច្រើនដូចជា ហិរញ្ញវត្ថុ, កម្មន្តសាល, ការអភិវឌ្ឍអចលនទ្រព្យ, បដិសណ្ឋារកិច្ច។ល។
ក្រុមហ៊ុន Hong Leong Group ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា បានបណ្តាក់ទុនវិនិយោគបង្កើតធនាគារឈ្មោះ Hong Leong Bank (Cambodia) Plc ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៣។ នៅពេលនេះ ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. មានបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជា៕