សោកស្ដាយផង! ក្រុមបាល់ទាត់នារីកម្ពុជា អាយុក្រោម ១៩ឆ្នាំ របូត ៣ពិន្ទុ ក្នុងជំនួបបើកឆាក SEAN U19 Girls’ Championship

កាលពីម្សិលមិញនេះ! ក្រុមបាល់ទាត់នារីអាយុក្រោម១៩ឆ្នាំរបស់កម្ពុជា បានរបូត ៣ពិន្ទុយ៉ាងមានសារសំខាន់ ក្រោយប្រកួតចាញ់ ម៉ាឡេស៊ី លទ្ធផល ៤-០ ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ាននារីអាយុក្រោម ១៩ឆ្នាំ (Asean U-19 Girls’ Championship) នៅទីលានបាល់ទាត់ Dat Duc Stadium។
ការប្រកួតម្សិលមិញនេះ គេសង្កេតឃើញថា នៅពេលដែលអាជ្ញាកណ្ដាល ផ្លុំកញ្ចែចាប់ផ្ដើមការប្រកួត ក្រុមជម្រើសជាតិនារីកម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបានដាក់សម្ពាធ ទៅម៉ាឡេស៊ី ជាច្រើនលើកច្រើនសារ ប៉ុន្ដែហាក់មិនមានសំណាង ខ្សែការពាររបស់នារីម៉ាឡេស៊ី បានស្ទាក់ជាប់តែម្ដង។
នៅនាទី១៣ ម៉ាឡេស៊ី រកបានមួយគ្រាប់បើកឆាក ដោយសារការភ្លាត់ស្នៀតរបស់ខ្សែការពារកម្ពុជា បានបញ្ជូនបាល់ទៅមិត្តរួមក្រុមមិនបានល្អ ហើយត្រូវបានកីឡាការិនីម៉ាឡេស៊ី Nuwairah ឆក់យកបាល់នេះបាន រួចក៏ទាត់បញ្ចូលទីពីលើតំបន់គ្រោះថ្នាក់។ ចូលដល់នាទី៣៩ ម៉ាឡេស៊ី រកបាន ១គ្រាប់ទៀត ដោយកីឡាការិនី Kaseh Carlmila ធ្វើឲ្យ ម៉ាឡេស៊ី នាំមុខ កម្ពុជា ២-០ ហើយលទ្ធផលនេះ បានបន្តដល់ចប់តង់ទី១។
លុះដល់ដើមតង់ទី២ ពោលគឺនៅនាទី៤៨ ម៉ាឡេស៊ី រកបាន ១គ្រាប់ទៀត ដោយកីឡាការិនី Nuwairah ហើយនៅនាទី៧០ គ្រាប់បាល់ទី៤ របស់ម៉ាឡេស៊ី បានកើតឡើង ក្រោយខ្សែការពារម៉ាឡេស៊ី បំផ្លោងបាល់ពីចំងាយឲ្យ កីឡាការិនី Kaseh Carlmila បញ្ចប់ទីដោយជោគជ័យ។ ចប់ការប្រកួត ម៉ាឡេស៊ី ឈ្នះកម្ពុជា លទ្ធផល ៤-០។
គួរបញ្ជាក់ថា ក្នុងពានរង្វាន់ខាងលើនេះ ក្រុមនារីកម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយ ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ។ ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជួបជាមួយឥណ្ឌូណេស៊ី នៅថ្ងៃទី១១ មិថុនា មុនពេលប៉ះ ថៃ ក្នុងប្រកួតបញ្ចប់ពូល នៅថ្ងៃទី១៣ មិថុនា៕