កំពង់ផែ ជាំង អ៊ីន និងកំពង់ផែក្រុងព្រះសីហនុ ចុះហត្ថលេខាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ
ទីក្រុងអ៊ូស៊ី ៖ កំពង់ផែ (ជាំង អ៊ីន) ក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ។
ពិធីចុះហត្ថលេខាធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគ្រាដែល លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Zhao Jianjun អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនោះ លោក Zhao Jianjun អភិបាលក្រុងអ៊ូស៊ី បានបង្ហាញពីគោលបំណងសំខាន់បីរបស់ក្រុង អ៊ូស៊ី រួមមាន៖
១. ជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ២. ទាក់ទាញការវិនិយោគពីទីក្រុងអ៊ូស៊ី មកខេត្តព្រះសីហនុ និង៣. ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ទាក់ទិននឹងគោលបំណងទី១ លោកអភិបាលក្រុងបានគូសបញ្ជាក់ពីចក្ខុវិស័យប្រកបដោយមហិច្ឆិតាក្នុងការទាក់ទាញវិនិយោគិនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យបានដល់ចំនួន ៣០០ក្រុមហ៊ុន និងបង្កើតការងារបានចំនួន ៨ម៉ឺនកន្លែង។
ជាមួយគ្នានេះ លោក អភិបាលក្រុង ក៏បានស្នើសុំការគាំទ្រក្នុងការអភិវឌ្ឍវិស័យថាមពលព្រះអាទិត្យ និងបៃតង និងបានសង្កត់ធ្ងន់លើតម្រូវការកាត់បន្ថយថ្លៃដឹកជញ្ជូន។ លើសពីនេះ លោកបានសម្តែងការសាទរចំពោះការហោះហើរត្រង់រវាងទីក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥កន្លងមកនេះផងដែរ។
លោក អភិបាលក្រុង ក៏បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើវិស័យដូចជា ការអប់រំ សុខាភិបាលនិងទេសចរណ៍វប្បធម៌ផងដែរ។
ក្នុងឱកាសនោះដែរ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីលោក Zhao Jianjun អភិបាលក្រុង និងថ្នាក់ដឹកនាំក្រុងអ៊ូស៊ី ចំពោះគណៈប្រតិភូខេត្តព្រះសីហនុ។ លោកបានបញ្ជាក់ថា គោលដៅយុទ្ធសាស្ត្រទាំងបី ដែលស្នើឡើងដោយអភិបាលក្រុង គឺត្រូវបានបំពេញយ៉ាងពេញលេញជាមួយនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលក្រុងអ៊ូស៊ី សម្រាប់ការគាំទ្រក្នុងការបង្កើតសាលាបណ្តុះបណ្តាលពហុជំនាញ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងតំបន់។ លោកអភិបាលខេត្តរូបនេះ ក៏បានលើកឡើងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងចិន ដោយបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការជួយដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ភាគីទាំងពីរ ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ជំរុញឱ្យប្រជាជននៅទីក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុទៅកម្សាន្ត នៅតំបន់ទេសចរណ៍រវាងខេត្តក្រុងទាំងពីរ និងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ផងដែរ៕