គ្រូបង្វឹកក្រុមឥន្រ្តីដែកអាឡឺម៉ង់ ថា វត្តមានរបស់ Ronaldo គឺជាគ្រោះថ្នាក់ សម្រាប់ក្រុមរបស់ខ្លួន
គ្រូបង្វឹកក្រុមឥន្រ្តីដែកអាឡឺម៉ង់ លោក Julian Nagelsmann បាននិយាយថា វត្តមានរបស់ខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំ Cristiano Ronaldo គឺជាការគំរាមកំហែងដល់ក្រុមរបស់លោក ខណៈដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ ត្រូវប្រកួតជាមួយ ព័រទុយហ្គាល់ ក្នុងការប្រកួត Nations League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់នេះ។
លោក Julian Nagelsmann បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត នៅឯកីឡដ្ឋាន Allianz ក្នុងទីក្រុង Munich ថា ៖«Ronaldo មានអាជីពដ៏អស្ចារ្យអស់រយៈពេលជាច្រើនឆ្នាំ។ ការលេងក្នុងកម្រិតនេះ ក្នុងរយៈពេលយូរគឺអស្ចារ្យណាស់។ Ronaldo ស៊ុតបញ្ចូលទីបានច្រើនគ្រាប់ ហើយមានឥទ្ធិពលច្រើន លើគ្រប់ក្លឹបទាំងអស់។ ទោះបីជាគាត់មានអាយុ ៤០ឆ្នាំក៏ដោយ Ronaldo នៅតែអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ ដែលជាការគំរាមកំហែងមួយ ពិសេសនៅក្នុងតំបន់ប៉េណាល់ទី។ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន»។
ក្នុងរដូវកាល 2024-2025 Ronaldo ស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់ និង assist ៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៤០ ប្រកួត សម្រាប់ Al Nassr គ្រប់ការប្រកួតទាំងអស់។ ខ្សែប្រយុទ្ធព័រទុយហ្គាល់ រូបនេះ ស៊ុតបញ្ចូលទីបាន ៩៩គ្រាប់ ក្នុង ១១១ប្រកួត ចាប់តាំងពីចូលរួមជាមួយ Al Nassr ក្នុងខែមករា ឆ្នាំ ២០២៣។ បច្ចុប្បន្ន CR7 មាន ៩៣៦ គ្រាប់ ហើយបាននិយាយថា ខ្លួននឹងមិនចូលនិវត្តន៍ឡើយ លុះត្រាតែរកបាន ១,000 គ្រាប់។
ក្រុមជម្រើសជាតិអាល្លឺម៉ង់ ទើបតែឆ្លងកាត់ការប្រកួតដ៏តានតឹងពីរលើកជាមួយនឹង អ៊ីតាលី ក្នុងការប្រកួត Nations League វគ្គ៨ក្រុមចុងក្រោយ។ កាលពីជើងទី១ អាឡឺម៉ង់ បានយកឈ្នះ អ៊ីតាលី ២-១ នៅកីឡដ្ឋាន San Siro ។ លុះដល់ជើងទី២ ក្នុងផ្ទះ អាឡឺម៉ង់ តាមស្មើ ជាមួយ អ៊ីតាលី ៣-៣ ដោយសរុបលទ្ធផលទាំងពីរជើង អាល្លឺម៉ង់ យកឈ្នះ អ៊ីតាលី ដោយលទ្ធផល ៥-៤។
គួរបញ្ជាក់ថា នៅយប់ថ្ងៃ ពុធ នេះ វេលាម៉ោង ២រំលងអាធ្រាត្រ អាឡឺម៉ង់ត្រូវប្រកួតជាមួយ ព័រទុយហ្គាល់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈការប្រកួតទាំង១៩លើកដែលពួកគេបានប៉ះគ្នានោះ អាឡឺម៉ង់ឈ្នះ ១១ ស្មើ៥ និងចាញ់តែ ៣លើកប៉ុណ្ណោះ៕