ឃាត់យានយន្ត ១១គ្រឿង ក្រោមឥទិ្ធពលជាតិស្រវឹងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ
ភ្នំពេញ ៖ ដើម្បីចូលរួមអនុវត្តការងារចរាចរណ៍ផ្លូវគោកក្នុងគោលបំណងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ កម្លាំងនគរបាលការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បន្តចុះដាក់គោលដៅអនុវត្តចំពោះអ្នកបើកបរយានយន្តក្រោមឥទិ្ធពលជាតិស្រវឹង។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ ដើម្បីអនុវត្តនូវបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បន្តចុះដាក់អនុវត្តត្រួតពិនិត្យទៅលើអ្នកបើកបរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹងនៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដល់ម៉ោង០២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅលើបណ្តោយផ្លូវ៥០ម៉ែត្រ មុខផ្សារប៉េងអុីម ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដែលមានកម្លាំងចូលរួមសរុប៥១នាក់ ក្នុងនោះកម្លាំងនគរបាលការិយាល័យចរាចរណ៍ចំនួន ២៨នាក់ និងកម្លាំងនគរបាលខណ្ឌដង្កោចំនួន ២៣នាក់ ក្រោមការដឹកនាំលោកឧត្តមសេនីយ៍ទោ សៀម សុត្ថាវុធ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ អែល សំណាង នាយរងការិយាល័យចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ទោ ឃឹម សារិទ្ធ អធិការរងខណ្ឌដង្កោ។
របាយការណ៍ខណ្ឌដដែលបន្តថា ៖ លទ្ធផលមានយានយន្តឆ្លងកាត់ចំនួន ៤២គ្រឿង និងឃាត់យានយន្តល្មើសជាតិស្រវឹងចំនួ ន១១គ្រឿង (រថយន្ត០២គ្រឿង ម៉ូតូ០៩គ្រឿង) នាំមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីតម្រូវឱ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយបង់ផាកពិន័យតាមច្បាប់៕