Close

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាបញ្ជាទិញយន្ដហោះប្រភេទថ្មី ATR72-600 ១គ្រឿង តម្លៃ ២៤លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 2:41 am ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាបញ្ជាទិញយន្ដហោះប្រភេទថ្មី ATR72-600 ១គ្រឿង តម្លៃ ២៤លានដុល្លារ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាបញ្ជាទិញយន្ដហោះប្រភេទថ្មី ATR72-600 ១គ្រឿង តម្លៃ ២៤លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានបញ្ជាទិញយន្ដហោះប្រភេទថ្មី ATR72-600 ទី១ និងបានមកដល់កម្ពុជា នៅថ្ងៃទី២៧ ខែឧសភានេះ។ យន្តហោះនេះតម្លៃ ២៤លានដុល្លារនេះ ធ្វើឱ្យអ្នកដំណើរនឹងរីករាយជាមួយនឹងសំឡេងដ៏ស្ងប់ស្ងាត់ក្នុងយន្តហោះ ផាសុកភាពជាងមុន ជាមួយនឹងកន្លែងអង្គុយធំទូលាយ និងបរិក្ខារទំនើបៗ។

ពិធីស្វាគមន៍ការមកដល់ យន្តហោះថ្មី ATR72-600 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ដោយមានព្រះសង្ឃសូត្រមន្តប្រោះព្រំផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាបញ្ជាទិញយន្ដហោះប្រភេទថ្មី ATR72-600 ១គ្រឿង តម្លៃ២៤លានដុល្លារ

បើតាមក្រុមហ៊ុអាកាសចរណ៍ជាតិកម្ពុជា យន្តហោះប្រភេទថ្មី ATR72-600 នេះ ត្រូវបានគេស្គាល់ថា ប្រសិទ្ធភាពក្នុងការសន្សំប្រេងដ៏ល្អឥតខ្ចោះ ដោយប្រើប្រាស់ប្រេងតិចជាងយន្តហោះប្រភេទចាស់ពី ១៥ទៅ២០ភាគរយ ហើយត្រូវការផ្លូវរត់ខ្លី។

«អ្នកដំណើរនឹងរីករាយជាមួយនឹងសំឡេងដ៏ស្ងប់ស្ងាត់ក្នុងយន្តហោះ ផាសុកភាពជាងមុន ជាមួយនឹងកន្លែងអង្គុយធំទូលាយ និងបរិក្ខារទំនើបៗ»។ នេះជាការអះអាងរបស់អាកាសចរណ៍ជាតិកម្ពុជា ដែលយន្តហោះ ATR 72-600 គឺជាជម្រើសដ៏ឆ្លាតវៃ និងគួរឱ្យទុកចិត្តសម្រាប់ប្រតិបត្តិការក្នុងតំបន់។

សេចក្តីប្រកាសព័ត៌មានរបស់អាកាសជាតិកម្ពុជាថា អនុលោមតាមស្តង់ដាបរិស្ថានចុងក្រោយបំផុតរបស់អង្គការ អាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) យន្តហោះ ATR 72-600 ត្រូវបានជឿទុកចិត្តដោយក្រុមហ៊ុនអាកាសចរណ៍ជាង២០០នៅទូទាំងពិភពលោក។

បើតាមលោក វ៉ាន់ ចន្ទី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងបទបញ្ញត្តិដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល យន្ដហោះប្រភេទថ្មីនេះ នឹងយកទៅប្រើប្រាស់លើការដឹកជញ្ជូន ក្នុងស្រុក និងនៅក្នុងតំបន់ទាំងមូល។

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាបញ្ជាទិញយន្ដហោះប្រភេទថ្មី ATR72-600 ១គ្រឿង តម្លៃ២៤លានដុល្លារ

ក្នុងពិធីស្វាគមន៍នៃការមកដល់នូវយន្តហោះថ្មី ATR72-600 នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា លោក វ៉ាន់ ចន្ទី បានថ្លែងបន្ថែមថា សម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គ្រោងនាំយកយន្តហោះ ATR 72-600 ចំនួន៣គ្រឿងមកកម្ពុជា។ បន្ទាប់ពីការមកដល់នូវយន្តហោះទី១នេះ, យន្តហោះទី២ និងទី៣ អាចនឹងមកកម្ពុជានាអំឡុងខែតុលា និងខែវិច្ឆិកា ខាងមុខ។

តាមផែនការយុទ្ធសាស្ត្ររយៈពេលវែង, អាកាសចរណ៍ជាតិកម្ពុជាមានគម្រោងបង្កើនយន្តហោះរបស់ខ្លួន ដល់ទៅ៣៣គ្រឿង សម្រាប់គាំទ្រដល់កំណើននាពេលអនាគត និងពង្រីកជើងហោះហើរអន្តរជាតិ។
កាលឆ្នាំ២០២៤ ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា មានកំណើនជាវិជ្ជមានល្អ។ ក្នុងនោះ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ៦,២៤ លាននាក់ កើន២២ភាគរយ ដោយ ទទួលបានជើងហោះហើរសរុប ៥៨ ៣៥៤ជើង កំណើន ១៤ភាគរយ។ ជាមួយគ្នានេះ ការដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន មានកំណើនដល់ ៤០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុងនិងកោះតែវ៉ាន់ផងដែរ។ គិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិសរុបចំនួន៣១ក្រុមហ៊ុន។

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាបញ្ជាទិញយន្ដហោះប្រភេទថ្មី ATR72-600 ១គ្រឿង តម្លៃ២៤លានដុល្លារ

ក្នុងឆ្នាំ២០២៤ កម្ពុជា បានសម្រេចលើការតភ្ជាប់ជើងហោះហើរជាប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញ និងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងឌុយប៉ៃ និងទីក្រុងដូហា។

បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលក្នុងប្រទេស។ សម្រាប់ឆ្នាំនេះ កម្ពុជា រំពឹងទុក ទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយចំនួនផងដែរ។ ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines របស់ប្រទេសឥណ្ឌា, ក្រុមហ៊ុន Etihad Airways ពីប្រទេសអេមីរ៉េតអារ៉ាប់រួម និង Turkish Airlines ពីប្រទេសតួកគី ព្រមទាំងការពង្រីកជើងហោះហើរថ្មីបន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីប្រទេសអេមីរ៉េតអារ៉ាប់រួម ទៅកាន់ខេត្តសៀមរាប។

បើតាមសម្តេច ហ៊ុន ម៉ាណែត ក្រុមហ៊ុន Emirates Airlines នឹងពង្រីកការហោះហើរមកកម្ពុជា ពីទីក្រុងឌូបៃទៅខេត្តសៀមរាប នាពាក់កណ្តាលឆ្នាំ២០២៥។ រីឯ ក្រុមហ៊ុន តួកគីអ៊ែរឡាញ នឹងបើកការហោះហើរ ពីទីក្រុងអ៊ីស្តង់ប៊ូល មកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ២០២៥៕

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាបញ្ជាទិញយន្ដហោះប្រភេទថ្មី ATR72-600 ១គ្រឿង តម្លៃ២៤លានដុល្លារ