យន្តហោះគ្មានមនុស្សបើក បញ្ជាក់ពីការចូលរួមរបស់អាមេរិក នៅក្នុងជម្លោះ រុស្ស៊ី និងអ៊ុយក្រែន
រុស្ស៊ី៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខប្រទេសរុស្ស៊ី លោក Nikolai Patrushev បានចេញសេក្តីប្រកាសថាទីក្រុងមូស្គូ នឹងព្យាយាមស្រង់បំណែករបស់យន្តហោះគ្មានមនុស្សបើក (Drone) MQ-9 Reaper របស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃអង្គារទី១៤ខែមីនាកាលពីថ្មីៗនេះ។
ថ្លែងនៅលើទូរទស្សន៍សហព័ន្ធរុស្ស៊ី Rossiya1 កាលពីថ្ងៃពុធ មន្ត្រីរូបនេះបានទទួលស្គាល់ថា លោកមិនដឹងថាតើរុស្ស៊ីអាចធ្វើដំណើរទៅដល់កន្លែងធ្លាក់យន្តហោះគ្មានមនុស្សបើកបានឬក៏អត់នោះទេ ប៉ុន្តែលោកសង្កត់ធ្ងន់ថា វាពិតជាមានសារសំខាន់ណាស់ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងសិក្សាពីបំណែកនៃយន្តហោះនោះ។
លោក Patrushev ក៏បានអះអាងផងដែរថា “សហរដ្ឋអាមេរិក នៅតែបន្តនិយាយថា ពួកគេមិនបានចូលរួមក្នុងនៅប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែឧប្បត្តិហេតុជាមួយយន្តហោះគ្មានមនុស្សបើកចុងក្រោយនេះគឺជាការបញ្ជាក់មួយផ្សេងទៀតដែលថា សហរដ្ឋអាមេរិកគឺពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះយោធាដែលកំពុងតែបន្ត”។
សេចក្តីថ្លែងការណ៍របស់លេខាធិការនេះ ធ្វើឡើងបន្ទាប់ពីទីបញ្ជាការអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន (EUCOM) បានរាយការណ៍មកថា យន្តហោះគ្មានមនុស្សបើក MQ-9 Reaper មួយគ្រឿងរបស់ខ្លួន បានធ្លាក់នៅសមុទ្រខ្មៅកាលពីព្រឹកថ្ងៃអង្គារ ដោយសារតែសកម្មភាពគ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ របស់យន្តហោះចម្បាំងរុស្ស៊ី Su-27 ចំនួនពីរគ្រឿង។
មន្ទីរបញ្ចកោណបានទទូចថា យន្តហោះស្ទាក់ចាប់រុស្ស៊ីមួយគ្រឿង បានវាយប្រហារស្លាបយន្តហោះគ្មានមនុស្សបើក ខណៈពេលដែលខ្លួនកំពុងបំពេញបេសកកម្មនៅក្នុងដែនអាកាសអន្តរជាតិ៕