ម៉ាឡេស៊ីថ្កោលទោសការវាយប្រហារនៅតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល នៅមុនកិច្ចប្រជុំកំពូលអាស៊ាន
ម៉ាឡេស៊ី៖ លោក Mohamad Hasa រដ្ឋមន្ត្រីការបរទេសប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យបានថ្កោលទោស ចំពោះ «អំពើឃោរឃៅ» នៅក្នុងតំបន់ហ្គាហ្សា ដោយបានចាត់ទុកថា ពិភពលោកកំពុងប្រងើយកន្តើយ និងស្តង់ដារពីរ លើស្ថានភាពដ៏លំបាករបស់ប្រជាជនប៉ាឡេស្ទីន។
ការថ្កោលទោសរបស់ លោក Mohamad Hasan គឺនៅចំពោះមុខសមភាគីរបស់លោកមកពីរដ្ឋសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងនៅមុនកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃចន្ទ នេះ នៅទីក្រុង Kuala Lumpur ។
លោក Mohamad Hasan បញ្ជាក់ថា៖ «ពួកគេគឺជាលទ្ធផលផ្ទាល់នៃការលុបបំបាត់ភាពពិសិដ្ឋនៃច្បាប់អន្តរជាតិ ខណៈពេលដែលប្រទេសអ៊ីស្រាអែល បង្កើនយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សាក្នុងខែនេះ។
ការទម្លាក់គ្រាប់បែកដែលកំពុងបន្តបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង ពីអន្តរជាតិ ជាមួយនឹងការអំពាវនាវកាន់តែខ្លាំងឡើងដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅក្នុងតំបន់ បន្ទាប់ពីអ៊ីស្រាអែលបានលុបចោលតែផ្នែកខ្លះនៃការបិទផ្លូវសរុបដែលបានដាក់កាលពីថ្ងៃទី 2 ខែមីនា។
លោក Mohamad ដែលប្រទេសរបស់ខ្លួនកធ្វើប្រធានប្តូរវេនប្រជុំកំពូលអាស៊ាននៅថ្ងៃចន្ទ បាននិយាយថា «អំពើឃោរឃៅដែលបានប្រព្រឹត្តប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតែបន្តឆ្លុះបញ្ចាំងពីភាពព្រងើយកន្តើយ និងស្តង់ដារទ្វេរដង។ អាស៊ានមិនអាចនៅស្ងៀមបានទេ»។
រដ្ឋមន្ត្រីការបរទេសមកពីសមាគម១០ប្រទេសកាលពីខែកុម្ភៈបានអះអាងពី«ការគាំទ្រជាយូរអង្វែង»សម្រាប់សិទ្ធិប៉ាឡេស្ទីន។ ប្រទេសម៉ាឡេស៊ី ជាប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើន មិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទេ ហើយមានមនោសញ្ចេតនាគាំទ្រយ៉ាងខ្លាំងចំពោះបុព្វហេតុប៉ាឡេស្ទីន។
ជាមួយគ្នានេះទីក្រុងកូឡាឡាំពួរបានបញ្ជូនអំណោយ និងជំនួយមនុស្សធម៌ដែលមានទឹកប្រាក់ជាង 10 លានដុល្លារដល់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ចាប់តាំងពីជម្លោះបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣។
អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យបាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣០នាក់ រួមទាំងកុមារផងដែរ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យ រួមទាំងមន្ត្រីសេវាសង្គ្រោះជាន់ខ្ពស់និងអ្នកកាសែតម្នាក់ផងដែរ។
ក្រុមគ្រូពេទ្យបាននិយាយថា ការស្លាប់ចុងក្រោយបង្អស់នៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលបានមកពីការវាយប្រហារដោយឡែកពីគ្នារបស់អ៊ីស្រាអែលនៅ តំបន់ Khan Younis នៅភាគខាងត្បូង Jabalia នៅភាគខាងជើង និង Nuseirat នៅកណ្តាល Gaza Strip ៕