Luka Modric ប្រកាសចាកចេញពី Real Madrid នៅចុងបញ្ចប់រដូវកាលនេះ
ខ្សែបម្រើឆ្នើមរបស់ពិភពលោក កីឡាករ Luka Modric បានប្រកាសថា ខ្លួននឹងចាកចេញពីក្លឹបអធិរាជស Real Madrid បន្ទាប់ពីព្រឹត្តិការណ៍ FIFA Club World Cup 2025 ក្រោយរួមរស់ ១៣រដូវកាល នៅទឹកដីអេស្ប៉ាញ។
Luka Modric បានសរសេរនៅលើ Instagram កាលពីថ្ងៃទី ២២ ខែឧសភាថា ៖«ពេលវេលា ដែលខ្ញុំមិននឹកស្មានដល់ បានមកដល់ហើយ។ នេះគឺជាបាល់ទាត់។ ក្នុងជីវិត អ្វីគ្រប់យ៉ាងមានការចាប់ផ្តើម និងបញ្ចប់។ ថ្ងៃសៅរ៍ក្រោយ ខ្ញុំនឹងលេងហ្គេមចុងក្រោយរបស់ខ្ញុំនៅ Bernabeu» ។
កីឡាករវ័យ ៣៩ឆ្នាំរូបនេះ បានបន្ថែមថា៖ «ក្រោយព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០២៥ ខ្ញុំនឹងលែងពាក់អាវ Real Madrid ទៀតហើយ។ ប៉ុន្តែខ្ញុំនឹងនៅតែជាអ្នកគាំទ្រ Real Madrid ជានិច្ច។ Madrid នឹងក្លាយជាផ្ទះរបស់ខ្ញុំ ពេញមួយជីវិតរបស់ខ្ញុំ»។
ក្រោមការបង្ហោះរបស់ Modric អតីតមិត្តរួមក្រុមជាច្រើនបានគោរពដល់គាត់ រួមទាំង Cristiano Ronaldo ផងដែរ។ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ រូបនេះ បានសរសេរថា ៖«អរគុណ សម្រាប់អ្វីគ្រប់យ៉ាង Luka។ ខ្ញុំមានកិត្តិយសណាស់ ដែលបានរីករាយ នឹងការចងចាំជាច្រើនជាមួយអ្នកនៅ Real ។ ខ្ញុំសូមជូនពរឱ្យអ្នកទទួលបានជោគជ័យ ក្នុងដំណើរថ្មីរបស់អ្នក»។
បន្ទាប់ពីចូលរួមជាមួយ Real Madrid នៅឆ្នាំ ២០១២ Modric មិនដែលរំពឹងថា អាជីពមួយនេះ នឹងទទួលបានជោគជ័យខ្លាំងបែបនេះនោះទេ។ នៅក្នុងពាក់កណ្តាលដំបូង នៃរដូវកាល 2012-13 Modric ត្រូវបានគេចាត់ទុកថា ជាការចុះហត្ថលេខាដ៏ខកចិត្តមួយ ប៉ុន្តែក្រោយមក Modric បានក្លាយជាកីឡាករសំខាន់មួយរូបនៅក្នុងតំបន់បម្រើរបស់ក្រុម។
ជាធម្មតា Real Madrid មិនបន្តកុងត្រាជាមួយកីឡាករចាស់ៗទេ សូម្បីតែកីឡាករ Legend របស់ក្លឹប ដូចជា Iker Casillas, Raul Gonzalez, Cristiano Ronaldo និង Karim Benzema ក៏ដោយ ពួកគេទាំងអស់ បានចាកចេញពីក្លិប មុនពេលឈានដល់អាយុ ៣៥ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ Modric នៅជាមួយក្រុមរហូតដល់គាត់មានអាយុ ៣៩ឆ្នាំ ដែលនេះជារឿងដ៏កម្រមួយ។
ខ្សែបម្រើសញ្ជាតិក្រូអាត រូបនេះ ធ្វើបានល្អបំផុត នៅរដូវកាល 2017-18 ដោយបានឈ្នះទាំង Champions League និង Ballon d’Or ។ ក្នុងឆ្នាំដដែលនោះ Modric ក៏បានដឹកនាំក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup ផងដែរ ប៉ុន្តែបានត្រឹមចាញ់ បារាំង។
គួររំលឹកថា Modric បានឆ្លងកាត់សាលាថ្នាល់យុវជន Dinamo Zagreb មុនពេលចូលរួមជាមួយ Tottenham នៅឆ្នាំ ២០០៨ ក្នុងវ័យ ២២ឆ្នាំ។ រូបគេគឺជាកីឡាករសំខាន់របស់ Tottenham ផងដែរ មុនពេលផ្លាស់ទៅ Real Madrid។ ខ្សែបម្រើកម្ពស់ ១.៧២ម៉ែត្ររូបនេះ បានឈ្នះពានរង្វាន់ចំនួន ២៨ ជាមួយក្លិប រួមទាំង Champions Leagues ចំនួន៦ និង La Ligas ចំនួន៥។ គាត់ត្រូវបានគេដាក់ឈ្មោះនៅក្នុង FIFPro World XI ចំនួន ៦ដង និងបានឈ្នះបាល់មាសនៅ World Cup 2018 ។
គួរបញ្ជាក់ថា Real Madrid នឹងប្រកួត La Liga ចុងក្រោយ ទល់នឹង Real Sociedad នៅថ្ងៃទី ២៤ ខែឧសភា។ Modric និងមិត្តរួមក្រុម នឹងប្រកួតក្នុង Club World Cup នៅអាមេរិក ពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែកក្កដា។ ក្រុមរបស់ Xabi Alonso ស្ថិតក្នុងពូល H ជាមួយ Al Hilal, Pachuca និង Salzburg ៕