រថយន្ដដឹកលើសទម្ងន់កម្រិតកំណត់ ៣គ្រឿង រងការពិន័យជាប្រាក់នៅផ្លូវជាតិលេខ ៦៨ ជិតខេត្តឧត្តរមានជ័យ
សៀមរាប ៖ ក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងនិងកងកម្លាំងពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ស្ថិតនៅផ្លូវជាតិលេខ៦៨ ភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ប្រតិបត្តិការនេះ ដឹកនាំដោយ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រយ៍នៃគណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ថ្នាក់ដឹកនាំទទួលបន្ទុក និងសមាជិកក្រុមការងារត្រួតពិនិត្យចល័តចម្រុះ។
ក្រុមការងារបានត្រួតពិនិត្យយានយន្ត ចំនួន៣ គ្រឿង ដោយយានយន្តទាំង៣គ្រឿងនោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ និងត្រូវបានពិន័យជាប្រាក់ទាំងទម្ងន់សរុប ទាំងទម្ងន់អ័ក្សរបស់យានយន្ត។
ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការផាកពិន័យទាំងទម្ងន់សរុប ទាំងភ្លៅរបស់យានយន្ត ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខាតបង់ថវិកា ពេលវេលា ដែលប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់ប្រចាំថ្ងៃ។
បើតាមក្រសួង ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងមិនឱ្យខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕