ខេត្តពោធិ៍សាត់ ៖ អនាគតក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា
ពោធិ៍សាត់ ជាខេត្តភាគខាងលិចនៃប្រទេសកម្ពុជា ដែលមានផ្ទៃដីសរុប ១២,៦៩២គីឡូម៉ែត្រការ៉េ ចែកចេញជា៦ស្រុក ១ក្រុង ៤២ឃុំ ៧សង្កាត់ និង៥២៦ភូមិ។ ខេត្តនេះមានប្រជាជនរស់នៅសរុប ៥២០,៧៥២នាក់ ក្នុងនោះស្ត្រី ២៦៤,០៩៦ នាក់ ស្មើនឹង ១៣២,៨៥៥ គ្រួសារ។
ពោធិ៍សាត់ ក៏ជាខេត្តដែលមានអំណោយផលធម្មជាតិជាច្រើន និងមានស្ថានភាពភូមិសាស្ត្រដីចែកចេញជា ៤តំបន់គឺ តំបន់ភ្នំ តំបន់ខ្ពង់រាប តំបន់ទំនាបកណ្ដាល និងតំបន់បឹងទន្លេសាប។
បើតាមការរាយការណ៍របស់អភិបាលខេត្តពោធិ៍សាត់ ជូនសម្ដេចតេជោ នាពេលសម្ដេចអញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវារីអគ្គិសនីកាលពីពេលកន្លងទៅថ្មីៗនេះបានឱ្យដឹងពីសក្កានុពលសំខាន់ៗរបស់ខេត្តពោធិ៍សាត់យ៉ាងដូច្នេះថា ៖
ខេត្តពោធិ៍សាត់ មានទំនប់ទឹកសំខាន់ៗដូចជា ទំនប់ទ្វារទឹកដំណាក់អំពិល ដែលស្រោចស្រពផ្ទៃដី ២៧,០០០ហិកតា ទំនប់ក្បាលហុង ដែលស្រោចស្រពផ្ទៃដី ១៣,០០០ហិកតា ទំនប់ទី៣ និងទី៥ក្នុងស្រុកភ្នំក្រវាញ ដែលអាចស្តុកទឹកបាន ៥០លានម៉ែត្រគូប និងទំនប់ដំណាក់ឈើក្រំ ក្នុងស្រុកភ្នំក្រវាញ ដែលអាចស្តុកទឹកបានប្រមាណ ១០លានម៉ែត្រគូប និងជាប្រភពទឹករស់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាគាំទ្រលើវិស័យកសិកម្ម។
ចំពោះវិស័យទេសចរណ៍វិញ ខេត្តពោធិ៍សាត់មកដល់បច្ចុប្បន្នមាន រម្យណីយដ្ឋានទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ៥កន្លែង សហគមន៍បណ្ដែតទឹក បឹងទន្លេសាប និងកសិទេសចរណ៍ឯកជន៦៥កន្លែង។ ក្រៅពីនោះវិស័យសំខាន់ៗផ្សេងទៀត កំពុងតែទទួលនូវការអភិវឌ្ឍជាបណ្ដើរៗ។
សម្រាប់សមិទ្ធផលចាំបាច់ និងលេចធ្លោដែលគេមិនគួរមើលរំលងពីខេត្តមានព្រំប្រទល់ជាប់ទន្លេសាបមួយនេះគឺ វិស័យថាមពលអគ្គិសនី ដែលមកដល់ពេលនេះមានទាំងស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។ នៅក្នុងស្រុកក្រគរ មានស្ថានីយថាមពលដើរដោយពន្លឺ ព្រះអាទិត្យ ដែលមានអនុភាពផលិតអគ្គីសនីបាន ៩០មេហ្កាវាត់។
ក្រៅពីនោះ មានវារីអគ្គិសនីចំនួន២កន្លែងទៀតក្នុងស្រុកវាលវែង គឺវារីអគ្គិសនីស្ទឹងអាតៃ មានអនុភាពផលិតអគ្គិសនីបាន ១២០មេហ្កាវាត់ ដែលបាន និងកំពុងដាក់ឱ្យដំណើការប្រើប្រាស់ ព្រមទាំងមួយកន្លែងទៀត គឺវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលមានអនុភាពផលិតបាន ៨០មេហ្កាវាត់ និងកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ។
បន្ថែមពីវិស័យសំខាន់ៗអស់ទាំងនេះទៅ ខេត្តពោធិ៍សាត់ក៏ជាខេត្តកសិកម្មមួយផងដែរ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ វិស័យស្រូវអង្ករនៃខេត្តពោធិ៍សាត់ មានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។ ជាពិសេសស្រូវអង្ករ តាមបណ្ដារោងម៉ាស៊ីនកិនស្រូវសម្រាប់ទីផ្សានាំចេញក្នុងស្រុក និងក្រៅស្រុកមានចំនួន ១០ កន្លែង និងឡសម្ងួតរហូតដល់ ៦៣ ទីតាំង ដែលមានឈ្មួញមកពីតាមបណ្ដាខេត្តមួយចំនួន ចុះប្រមូលទិញដល់ទីតាំងតែម្ដង។
លោក ខូយ រីដា ក៏បានគូសបញ្ជាក់អំពីវិស័យពាណិជ្ជកម្មផងដែរថា បច្ចុប្បន្នខេត្តពោធិ៍សាត់មានក្រុមហ៊ុនសហគ្រាស ពាណិជ្ជកម្មសរុប ១,១៦២ ក្រុមហ៊ុន។ ក្នុងចំណោមក្រុមហ៊ុន/សហគ្រាសទាំងអស់នោះ មានក្រុមហ៊ុនពាណិជ្ជកម្មឯកជនចំនួន ២៩២ ក្រុមហ៊ុន, សហគ្រាសឯកបុគ្គលមាន ៤៨២ សហគ្រាស និងមានសាខាក្រុមហ៊ុន ៣៨៨សាខា ហើយស្ថិតិក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្ម និងអាជីវកម្មសរុបចំនួន ៦,៤១១ មូលដ្ឋាន។
គួរជម្រាបថា ក្នុងឱកាសចុះសំណេះសំណាលជាមួយប្រជាជនខេត្តពោធិ៍សាត់ដដែលនេះ សម្ដេចតេជោបានថ្លែងថា កម្ពុជានឹងមានប៉ូលសេដ្ឋកិច្ច ទី៤ ដែលរួមមាន ៤ ខេត្ត គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន៕