Close

កម្ពុជានឹងបើកជាផ្លូវការ “ឆាំ្នទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅចុងសប្តាហ៍នេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ
កម្ពុជានឹងបើកជាផ្លូវការ “ឆាំ្នទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅចុងសប្តាហ៍នេះ កម្ពុជានឹងបើកជាផ្លូវការ “ឆាំ្នទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិន ប្រចាំ កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

សេចក្តីជូនដំណឹងរបស ក្រសួងទេសចរណ៍ ជម្រាបជូនសាធារណជន សមាគមទេសចរណ៍ ប្រតិបត្តិករ ទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានានៅថ្ងៃទី ១៩ ខែឧសភា ឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះ ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»។

ប្រភពដដេលបន្តថា ព្រឹត្តិការណ៍នេះ នឹងមានការសម្ដែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុមុខ។ ដោយឡែក នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នឹងមានការសម្ដែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន សម្រាប់មហាជនទស្សនា នៅបរិវេណសួនច្បារ តេជោមាសតេជោយ៉ត តាមបណ្ដោយផ្លូវថ្មើជើងមាត់ទន្លេចតុមុខ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ សាធារណជន សមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ នានា ចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើ ឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមក ទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទទាក់ទង