រោងចក្រផលិតស្បែកជើងមួយរបស់ចិនរើទីតាំងផលិតពីក្រៅប្រទេសមកវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ រោងចក្រផលិតស្បែកជើងមួយរបស់ចិន ឥលូវនេះបានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។
លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះទៅកាន់ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ ក្នុងឱកាសរូបលោកមានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តម អ៊ិត សំហេង បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុនដែលមានទំនុកចិត្តមកលើកម្ពុជា ហើយកម្ពុជាក៏សូមស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានបោះទុនវិនិយោគនៅទីនេះ។ ដោយក្នុងនោះ កម្ពុជាមានទីផ្សារនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការរក្សាបានទីផ្សារនាំចេញទាំងអស់នេះ ដោយសារតែកម្ពុជាបានអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្មផ្សាភ្ជាប់ទៅនឹងលក្ខខណ្ឌការងារ ដោយធានាបាននូវនិរន្តរភាពនៃការបញ្ជាទិញពីប្រេនធំៗរបស់ពិភពលោក។ ក្រៅពីនេះ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងជាមួយដៃគូច្រើន រួមជាមួយកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ដោយក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងមានតម្រូវការទាំងពេលបច្ចុប្បន្ន និងអនាគត។
នាឱកាសនោះ លោកប្រធានក្រុមហ៊ុន បានជម្រាបពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុន ជូនដល់ឯកឧត្តមរដ្ឋមន្ត្រី ដោយក្រុមហ៊ុនត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន៧០ម៉ឺនគូរក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ លោកចង់បានអនុសាសន៍ណែនាំបន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះការអនុវត្តច្បាប់របស់កម្ពុជា ខណៈដែលរោងចក្ររបស់លោក ដែលបានដំណើរការនៅក្នុងប្រទេសចិន និងនៅប្រទេសមីយ៉ាន់ម៉ា គឺចូលរួមអនុវត្តន៍ច្បាប់បានល្អប្រសើរណាស់។
ជាការឆ្លើយតប ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា កម្ពុជាមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ណាស់ សម្រាប់ធ្វើការអភិវឌ្ឍវិស័យមួយនេះ បើមានបញ្ហាអ្វីមួយកើតឡើង នឹងមានយន្តការសម្រាប់ដោះស្រាយ។ ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុន អល វីន ស៊ូ អាចចូលរួមជាសមាជិកជាមួយសមាគមណាមួយ ដើម្បីទទួលបានការបណ្តុះបណ្តាលលើផ្នែកច្បាប់ និងការការពារពីខាងសមាគម។
ជាចុងក្រោយ ឯកឧត្តមមន្ត្រី ក៏បានស្នើដល់ក្រុមហ៊ុនចូលរួមគោរពច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធវិស័យការងារ៕