Close

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ជនបរទេសអន្តោប្រវេសន៍រាយការណ៍ពេលឃើញមានបទល្មើសផ្សេងៗ

ដោយ៖ Chhan Sreyka ​​ | 15 ម៉ោងមុន ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ស្នើដល់ជនបរទេសអន្តោប្រវេសន៍រាយការណ៍ពេលឃើញមានបទល្មើសផ្សេងៗ អាជ្ញាធរខេត្តសៀមរាប ស្នើដល់ជនបរទេសអន្តោប្រវេសន៍រាយការណ៍ពេលឃើញមានបទល្មើសផ្សេងៗ

សៀមរាប:​ អាជ្ញាធរខេត្តសៀមរាប បានស្នើដល់ជនបរទេសអន្តោប្រវេសន៍ទាំងអស់ទូទាំងខេត្ត ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងត្រូវរាយការណ៍បន្ទាន់ប្រសិនជាឃើញមានការប្រើប្រាស់ ឬចែកចាយគ្រឿងញៀន ឬបទល្មើសជលផល និងបទល្មើសផ្សេងទៀតនៅក្នុងមូលដ្ឋាន ដើម្បីអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់។

ការស្នើនេះធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភានេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួន ដល់ជនបរទេសអន្តោប្រវេសន៍ដែលកំពុងរស់នៅលើផ្ទៃទឹក ក្នុងភូមិសាស្ត្រភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដឹកនាំដោយ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្ត ដោយមានការចូលរួមពីលោកស្នងការដ្ឋាននគរបាល ថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក សំកុល សុចិត្រា ក៏បានណែនាំដល់ជនបរទេសអន្តោប្រវេសន៍ទាំងអស់ត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមការកំណត់របស់ច្បាប់ នៅមុនពេលបណ្ណស្នាក់នៅអចិន្ត្រៃយ៍ផុតសុពលភាព សាម៉ីខ្លួនត្រូវទៅបំពេញបែបបទស្នើសុំបន្តសុពលភាពឱ្យបានត្រឹមត្រូវ បើមិនដូច្នេះទេ នឹងត្រូវទទួលរងការពិន័យអន្តរការណ៍ជាប្រាក់ចំនួន១លានរៀល។ ពេលមានការផ្លាស់ប្ដូរទីលំនៅ ត្រូវស្នើសុំការបញ្ជាក់ពីប៉ុស្តិ៍នគរបាលដែលខ្លួនរស់នៅមុនពេលចេញដំណើរ និងត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលដែលតាំងទីលំនៅថ្មី ហើយបើមិនបានបំពេញកាតព្វកិច្ចនេះ ក៏ត្រូវទទួលរងការពិន័យ ១លានរៀលដូចគ្នា។

លោកអភិបាលរងខេត្ត បន្តថា ចំពោះកូនក្នុងបន្ទុកមានឈ្មោះក្នុងឧបសម្ព័ន្ធប្រកាសទទួលស្គាល់ឪពុកម្ដាយ ដែលគ្រប់អាយុ១៨ឆ្នាំ ត្រូវទៅបំពេញបែបបទស្នើសុំបណ្ណស្នាក់នៅឱ្យបានត្រឹមត្រូវតាមការកំណត់របស់ច្បាប់។ ករណីកូនកើតថ្មី ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីដំឡើងបញ្ជីគ្រប់គ្រងឱ្យបានច្បាស់លាស់។ ករណីបាត់ប្រកាសទទួលស្គាល់ ឬបណ្ណស្នាក់នៅអចិន្ត្រៃយ៍ ត្រូវដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល និងត្រូវបំពេញបែបបទស្នើសុំបណ្ណស្នាក់នៅទុតិយតា៕

អត្ថបទទាក់ទង