Close

ក្រុមហ៊ុនជប៉ុនមួយកំពុងសាងសង់រោងចក្រអគ្គិសនីនៅខេត្តកំពង់ស្ពឺ និងពោធិ៍សាត់

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុនមួយកំពុងសាងសង់រោងចក្រអគ្គិសនីនៅខេត្តកំពង់ស្ពឺ និងពោធិ៍សាត់ ក្រុមហ៊ុនជប៉ុនមួយកំពុងសាងសង់រោងចក្រអគ្គិសនីនៅខេត្តកំពង់ស្ពឺ និងពោធិ៍សាត់

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគជប៉ុន erex Co., Ltd. បាននឹងកំពុងអភិវឌ្ឍគម្រោងថាមពលអគ្គិសនីសូឡានៅខេត្តកំពង់ស្ពឺ និងពោធិ៍សាត់ ដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍វិស័យថាមពល និងអគ្គិសនីនៅកម្ពុជា។

លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយសហការី បានទទួលជួបពិភាក្សាការងារជាមួយ លោក IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា អំពីគម្រោងវិនិយោគរោងចក្រអគ្គិសនីនៅកម្ពុជា របស់ក្រុមហ៊ុនវិនិយោគជប៉ុន erex Co., Ltd. ខាងលើនេះនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ក្រុមហ៊ុនជប៉ុនមួយកំពុងសាងសង់រោងចក្រអគ្គិសនីនៅខេត្តកំពង់ស្ពឺ និងពោធិ៍សាត់

ក្នុងជំនួបនេះ លោក HITOSHI HONNA ម្ចាស់ក្រុមហ៊ុន (President and CEO) និងលោក TOMOKI KAKUTA អ្នកគ្រប់គ្រងក្រុមហ៊ុន erex បានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីសូឡា កម្លាំង ៤០MW នៅខេត្តពោធិសាត់ និងបាយអូម៉ាស់ ( Biomass) កម្លាំង ៥០MW នៅខេត្តកំពង់ស្ពឺ ដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០២៤។

តាមផែនការ គម្រោងនៅខេត្តពោធិ៍សាត់ នឹងត្រូវបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើការនៅឆ្នាំ២០២៦ ហើយការសាងសង់រោងចក្រអគ្គិសនី នៅខេត្តកំពង់ស្ពឺ ត្រូវការរយៈពេល ២ឆ្នាំ ហើយបើគ្មានការផ្លាស់ប្តូរទេ គម្រោងនេះ នឹងចាប់ផ្តើមសាងសង់ពីខែមិថុនា ឆ្នាំ២០២៥ ហើយនឹងអាចដាក់ឱ្យដំណើការបាននៅឆ្នាំ២០២៧ ដែលរួមចំណែកក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងតម្លៃធូរថ្លៃបន្ថែមទៀតដល់ខេត្តទាំងពីរ និងបណ្ដាខេត្តជាប់គ្នា នាពេលអនាគត។

ក្នុងនោះដែរ ក្រុមហ៊ុន ក៏មានបំណងចង់ពង្រីករោងចក្រអគ្គិសនី តាមបណ្តាខេត្តមួយចំនួនទៀត ដែលដើរដោយថាមពល Biomass ពីការប្រើប្រាស់អង្កាម ចំបើង សំបកឈើ ឬកាកសំណល់ផ្សេងៗ ដោយបានស្នើសុំស្ថានទូត ជួយសម្របសម្រួលផ្តល់ព័ត៌មានទីតាំង និងនីតិវិធីផ្សេងៗ។

ក្រុមហ៊ុនជប៉ុនមួយកំពុងសាងសង់រោងចក្រអគ្គិសនីនៅខេត្តកំពង់ស្ពឺ និងពោធិ៍សាត់

ជាកិច្ចឆ្លើយតបលោក ឯកអគ្គរាជទូត បានសម្ដែងការគាំទ្រ និងវាយតម្លៃពីសារៈសំខាន់នៃគម្រោងទំាងពីរខាងលើរបស់ក្រុមហ៊ុន erex និងគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រអគ្គិសនី Biomass នៅបណ្តាខេត្តមួយចំនួនទៀត។

ក្នុងនោះដែរ លោក ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ស្ថានទូត ត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួលជូនក្រុមហ៊ុន ឱ្យបានជួបពិភាក្សាលម្អិតបន្ថែមទៀត ជាមួយមន្រ្តីជំនាញនៃក្រសួងរ៉ែ និងថាមពល នៅក្នុងខែឧសភា ខាងមុខនេះ ដើម្បីឱ្យដំណើរការរៀបចំរបស់ក្រុមហ៊ុន បានប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យសម្រាប់គម្រោងដ៏ធំ និងមានសារៈប្រយោជន៍បំផុតដល់ប្រទេសកម្ពុជានេះ។