ពន្ធគយរបស់លោក ត្រាំ ចូលជាធរមាន ដោយគ្មានការលើកលែងចំពោះប្រទេសណាមួយនោះទេ រួមទាំងកម្ពុជា
អាមេរិក៖ ពន្ធគយដែលត្រូវបានដាក់ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មកលើបណ្តាប្រទេសនៅលើពិភពលោក ក្នុងនោះ ក៏មានប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរនោះ ឥឡូវនេះបានចូលជាធរមានហើយ។ នេះ បើតាមការចុះផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥។
ប្រភពដដែលនេះ បញ្ជាក់ថា ក្រៅពីប្រទេសចិន គ្មានតំបន់ណាផ្សេងទៀតដែលរងផលប៉ះពាល់ខ្លាំងដូចប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេ។ក្នុងនោះ ប្រទេសនៅក្នុងកំពូលតារាងគឺប្រទេសវៀតណាម ៤៦% និងកម្ពុជា ៤៩% ដែលរងការយកពន្ធខ្ពស់បំផុត។ ចំណែកប្រទេសថៃ (៣៦%) ឥណ្ឌូនេស៊ី (៣២%) និងម៉ាឡេស៊ី (២៤%)។ រីឯ ហ្វីលីពីនពន្ធ ១៧% និងសិង្ហបុរី ១០% ដែលមានកម្រិតពន្ធទាបជាងគេ។
បើតាមប្រភពដដែល ទាំងនេះ គឺជាការយកពន្ធធំបំផុតសម្រាប់ប្រទេសនៅក្នុងតំបន់នេះ ដែលពឹងផ្អែកខ្លាំងលើការនាំចេញ។ ប្រទេសទាំងនេះ មានការរីកចំរើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះដោយសារតែការលក់ផលិតផលរបស់ខ្លួនទៅកាន់ពិភពលោកទាំងមូល ជាពិសេសទៅកាន់សហរដ្ឋអាមេរិក។
ការនាំចេញផលិតផលទៅអាមេរិករួមចំណែក ២៣% នៃ GDP របស់វៀតណាម និង ៦៧% នៃផលិតផលសរុបរបស់កម្ពុជា។ ប៉ុន្តែកំណើននេះ ត្រូវបានរារាំងដោយវិធានការដាក់ទណ្ឌកម្មដោយទីក្រុងវ៉ាស៊ីនតោន។ ជាមួយគ្នានេះ ផលប៉ះពាល់រយៈពេលវែងនៃពន្ធគយទាំងនេះ នឹងបង្កបញ្ហាប្រឈមធំដល់រដ្ឋាភិបាលនៃប្រទេសវៀតណាម ថៃ និងកម្ពុជា ជាពិសេស៕