Close

រដ្ឋមន្ត្រី៖ ការតម្លើងអត្រាពន្ធគយ របស់ លោក ត្រាំ ប៉ះពាល់ដល់អ្នកបញ្ជាទិញនៅអាមេរិកមុនគេ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖ ការតម្លើងអត្រាពន្ធគយ របស់ លោក ត្រាំ ប៉ះពាល់ដល់អ្នកបញ្ជាទិញនៅអាមេរិកមុនគេ រដ្ឋមន្ត្រី៖ ការតម្លើងអត្រាពន្ធគយ របស់ លោក ត្រាំ ប៉ះពាល់ដល់អ្នកបញ្ជាទិញនៅអាមេរិកមុនគេ

ភ្នំពេញ៖ ការតម្លើងអត្រាពន្ធគយ របស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើឱ្យប៉ះពាល់ដល់អ្នកបញ្ជាទិញនៅសហរដ្ឋអាមេរិក និងប្រជាជនអាមេរិកមុនគេ បន្ទាប់មកគឺធុរកិច្ចនៅកម្ពុជា។នេះជាការលើកឡើងរបស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងបទសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជានាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥។

ក្នុងបទសម្ភាសន៍នេះ លោកស្រីថ្លែងថា«ជាការពិត នៅពេលដែលតម្លើងនូវបន្ទាន់ពន្ធគយ ឬអត្រាពន្ធទៅលើផលិតផលដែលនាំចេញទៅនោះ ។ មានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយដែលឡើងថ្លៃគឺនៅប្រទេសដែលជាប្រទេសគោលដៅ ឬជាប្រទេសនាំចូល»។
លោកស្រីបានបន្ថែមថា៖ «ដូច្នេះការតម្លើងនេះ គឺអ្នកបញ្ជាទិញដំបូង និងប្រជាជននៅសហរដ្ឋអាមេរិក ដែលជាអ្នកប្រើប្រាស់ផលិតផលពីកម្ពុជា គឺជាអ្នកទទួលរងផលប៉ះពាល់ដំបូង ហើយផលប៉ះពាល់បន្ទាប់គឺកម្ពុជា ជាពិសេសគឺអ្នកដែលធ្វើធុរកិច្ចក្នុងវិស័យដូចជាវិស័យវាយនភណ្ឌ ស្បែកជើង សម្ភារសម្រាប់ធ្វើដំណើរជាដើម»។

លោកស្រីរដ្ឋមន្ត្រី បានពន្យល់បន្ថែមថា កិច្ចការតម្លើងនេះអត្រាពន្ធនេះ គឺជាវិធានការរបស់សហរដ្ឋអាមេរិក ដើម្បីឱ្យមានតុល្យភាពនៃជញ្ជីញពាណិជ្ជកម្មរបស់ខ្លួនជាមួយដៃគូទាំងអស់នៅលើពិភពលោក មិនមែនធ្វើដាច់ដោយឡែកតែជាមួយកម្ពុជានោះទេ។

ជាមួយគ្នានោះ លោកស្រី ក៏បានអំពាវនាវដល់ជនរួមជាតិសូមកុំមានការភ័យបារម្ភ ឬមានមន្ទិលសង្ស័យពាក់ព័ន្ធនឹងដំណោះស្រាយចំពោះមុខ ខណៈរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងការងារនះ ហើយក្រសួង/ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ បាននិងកំពុងធ្វើការងារនេះមួយចំនួនរួចមកហើយដើម្បីការពារនូវអត្ថប្រយោជន៍របស់ជាតិ ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករកម្មការិនី របស់យើង ជាពិសេសនៅក្នុងឧស្សាហកម្មដ៏លេចធ្លោរបស់កម្ពុជា។

ទាក់ទិននឹងបញ្ហានេះ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានមួយបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពដំឡើងពន្ធនឹងមានការប្រែប្រួលបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា- អាមេរិកជួបពិភាក្សា និងចរចាគ្នា។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន TAFTAC ក៏បានអំពាវនាវដល់កម្មករនិយោជិត និងសាធារណជនទាំងអស់ រក្សាភាពស្ងប់ស្ងាត់ ចំពោះការប្រកាសដំឡើងពន្ធលើទំនិញ លើផលិតផលកម្ពុជា របស់អាមេរិក។ ជាមួយគ្នានេះ សមាគមបានអះអាងថា ខ្លួននឹងបន្តធ្វើការវិភាគពីផលប៉ះពាល់នេះ និងធ្វើការជាមួយរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយនានា តាមដែលអាចធ្វើទៅបាន។

តាមTAFTAC ក្នុងកម្រិតដែលអាមេរិកបានប្រកាសដំឡើង អត្រាពន្ធសរុបសម្រាប់កម្ពុជារួមទាំងប្រទេស ដែលជាដៃគូប្រកួតប្រជែងក្នុង វិស័យដូចគ្នា គឺមិនមានភាពខុសគ្នាខ្លាំងដែលនាំឱ្យកម្ពុជា បាត់បង់ឱកាសទាំងស្រុង ក្នុងការប្រកួតប្រជែងនោះទេ។ ជាក់ស្តែង ប្រទេសចិនទទួលរងនូវការដំឡើងបន្ថែមក្នុងអត្រាសរុប៧៩% (ដំឡើងចំនួន៤លើក) កម្ពុជា៤៩% វៀតណាម ៤៦% មីយ៉ាន់ម៉ា ៤៥% ។

យ៉ាងនេះក្តី ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា AmCham Cambodia លោក Casey Barnett បានស្នើឱ្យមានការដោះស្រាយបញ្ហាពន្ធថ្មីរបស់អាមេរិកលើកម្ពុជា ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ» ក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នា (Reciprocal Tariffs) លើបណ្ដាប្រទេសទូទាំងពិភពលោកនៅថ្ងៃព្រហស្បតិ៍ ទី ៣ មេសា នេះ (២ មេសា នៅសហរដ្ឋអាមេរិក)។

លោក Casey បានបង្ហោះសារនៅបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា៖ «ព្រឹកនេះ លោក ត្រាំ ប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជា។ ប្រសិនបើមិនបានដោះស្រាយយ៉ាងហ្មត់ចត់ក្នុងសប្តាហ៍នេះទេ នោះនឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជា និងបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ បាត់បង់ការងាររាប់សែននាក់ អស្ថិរភាពសង្គម និងលំហូរចេញមូលធនយ៉ាងឆាប់រហ័ស»។

សូមរម្លឹកថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ម៉ោងនៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ៤៩% ដែលជាកម្រិតមួយខ្ពស់ ហើយនឹងចូលជាធរមាននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទទាក់ទង