តាមរយៈកិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជា ឆ្នាំ២០២៥កម្ពុជានឹងក្លាយជាគោលដៅទាក់ទាញវិនិយោគទុន
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “កសាងអនាគត៖ បង្កើនភាពកួតប្រជែង និងចីរភាព”នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតទាំងអាជីវកម្មនិងវិនិយោគទុន។
ការគូសបញ្ជាក់នេះ នៅក្នុងឱកាស លោក ហេង សួរ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ (Cambodia Global Textile Summit 2025) ក្រោមប្រធានបទ «ការបង្កើតអនាគត៖ ការប្រកួតប្រជែង និងនិរន្តរភាព» ដែលរៀបចំដោយសមាគម TAFTAC, អង្គការអន្តរជាតិខាងការងារ (ILO), សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham), គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia), អង្គការ GIZ ដោយមានការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ បានថ្លែងថា កិច្ចប្រជុំកំពូលនេះនឹងពិភាក្សាស្វែងរកផ្លូវដើម្បីកែលម្អស្តង់ដាការងារ ការគ្រប់គ្រងបរិស្ថាន និងការអនុវត្តសេដ្ឋកិច្ចចក្រា និងការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកជាសកល ក្នុងការពង្រឹងសមត្ថភាពរបស់វិស័យវាយនភណ្ឌឱ្យមានភាពរីកចម្រើន ចំពេលមានការផ្លាស់ប្តូរសេដ្ឋកិច្ចសកល និងការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាពេលខាងមុខរបស់កម្ពុជា។
លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ទៀតថា ស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រនិងបទប្បញ្ញត្តិផ្សេងៗដែលគាំទ្រ លើកកម្ពស់ និងពង្រឹងវិស័យវាយនភណ្ឌ ដែលជាសសរស្តម្ភដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ផលិតផលវាយនភណ្ឌដ៏សំខាន់ ជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។
ថ្លែងក្នុងសុន្ទរកថាគន្លឹះ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានលើកឡើងអំពី៖ (១)សក្តានុពលនានា ដែលធ្វើឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ ស័ក្តិសមជាគោលដៅវិនិយោគគួរពិចារណា, (២)គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំតម្រង់ទិសប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តង់ដារការងារ ការគ្រប់គ្រងបរិស្ថាន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច, (៣) ការអនុវត្តឌីជីថលូបនីយកម្មក្នុងស្ថាប័នរដ្ឋ និងឯកជន ដែលចូលរួមជំរុញល្បឿនការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព, (៤)យន្តការត្រៀមលក្ខណៈឱ្យរួចរាល់សម្រាប់ច្បាមយកឱកាសនាពេលអនាគតស្របតាមរបត់សេដ្ឋកិច្ចជាសកល ដោយពង្រឹងសមត្ថភាពវិស័យវាយនភណ្ឌ និងកាត់ដេរ ឱ្យមានភាពរីកចម្រើន ទំនើបទាន់សម័យ, និង (៥)ការបញ្ចប់ឋានៈជាប្រទេសដែលមានការអភិវឌ្ឍន៍ទាប នាពេលខាងមុខរបស់កម្ពុជា ដោយបន្ថែមការយកចិត្តទុកដាក់ទៅលើបទប្បញ្ញត្តិអន្តរជាតិថ្មីៗស្តីពីសិទ្ធិមនុស្ស ការងារ និងបរិស្ថាន។
តាមរយៈកិច្ចប្រជុំកំពូលនេះ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាអ្នកចូលរួមពីគ្រប់វិស័យពាក់ព័ន្ធនឹងបានឈ្វេងយល់បន្ថែមអំពីមាគ៌ានៃការរៀបចំកសាងអនាគតរបស់វិស័យវាយនភណ្ឌ និងការកាត់ដេរនៅកម្ពុជា។ លើសពីនេះ ឯកឧត្តមរំពឹងថាកិច្ចប្រជុំកំពូលនេះនឹងក្លាយជាវេទិកាសម្រាប់ការកសាងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល, ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានាបានថាវិស័យវាយនភណ្ឌ និងការកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ប្រកបដោយចីរភាព និងបរិយាប័ន្ន។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា (Cambodia Global Textile Summit 2025)នេះ ជាវេទិកាជួបជុំរវាងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ម្ចាស់ម៉ាកអន្តរជាតិ អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម តំណាងនិយោជក អង្គការតំណាងកម្មករនិយោជិត ដើម្បីស្វែងយល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយ ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតសម្រាប់អាជីវកម្មដែលកំពុងស្វែងរកប្រភពទំនិញ សេវាកម្ម និងការផលិត។
កិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជានេះ ត្រូវបានរៀបចំឡើងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សមាគមវាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, និងសម្ភារៈធ្វើដំណើរនៅកម្ពុជា(Textile, Apparel, Footwear & Travel Goods Association in Cambodia – TAFTAC), អង្គការពលកម្មអន្តរជាតិ (International Labour Organization– ILO) តាមរយៈកម្មវិធី Better Factories Cambodia (BFC), សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham Cambodia) តាមរយៈកម្មវិធី Responsible Business Hub Cambodia (RBH Cambodia) និង កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ តាមរយៈកម្មវិធី GIZ
៕