ការរញ្ជួយដី រំខានដល់យុទ្ធនាការលក់អាវយឺតរបស់សមាគមបាល់ទាត់ថៃ ដើម្បីសងបំណុល
សមាគមកីឡាបាល់ទាត់ថៃ ហៅកាត់ថា FAT បានពន្យារពេលសន្និសីទសារព័ត៌មាន សម្រាប់យុទ្ធនាការរៃអង្គាសថវិការបស់ខ្លួន ដែលរួមមានការលក់អាវយឺត ដើម្បីជួយសងបំណុលដែលមានតម្លៃរាប់សិបលានដុល្លារ បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសជិតខាងកម្ពុជាមួយនេះ។
ដើមឡើយ សន្និសីទសារព័ត៌មាននេះ ត្រូវបានគេគ្រោងនឹងរៀបចំឡើង នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥នេះ នៅទីក្រុងបាងកក ប៉ុន្តែគ្រោះមហន្តរាយបានជំរុញឱ្យមានការផ្លាស់ប្តូរផែនការ។
FAT បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ៖ «នេះគឺជាពេលវេលាមួយ ដែលត្រូវតែផ្តល់អាទិភាពដល់ការគាំទ្រអ្នកដែលត្រូវការ។សហព័ន្ធ និងដៃគូរបស់ខ្លួន នឹងពន្យារពេលសន្និសីទសារព័ត៌មាន ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្ន។ ពេលវេលាសមរម្យ សម្រាប់ព្រឹត្តិការណ៍នេះ នឹងត្រូវបានប្រកាសនៅពេលក្រោយ»។
“ថៃស្រលាញ់បាល់ទាត់ថៃ” គឺជាយុទ្ធនាការពិសេសរបស់ FAT ដែលបង្កើតឡើង ដើម្បីជួយសងបំណុលរបស់ខ្លួន និងអភិវឌ្ឍបាល់ទាត់ថៃ ប្រកបដោយនិរន្តរភាព។ បន្ថែមពីលើការលក់អាវយឺត យុទ្ធនាការនេះ ក៏អំពាវនាវឱ្យមានការបរិច្ចាគតាមរយៈសកម្មភាពរៃអង្គាសប្រាក់ ដូចជាការប្រគុំតន្ត្រី ការសម្តែងលើឆាក និងការប្រកួតបាល់ទាត់មិត្តភាពជាដើម។
គួររំលឹកថា ការរំញ័រដីធ្ងន់ធ្ងរនៅទីក្រុងបាងកក ដែលបណ្ដាលមកពីការរំញ្ជួយដី ៧,៧ រ៉ិចទ័រនៅក្បែរក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា បានបណ្ដាលឱ្យមានការខូចខាតដល់អាគារខ្ពស់ៗក្នុងទីក្រុងបាងកកជាច្រើនខ្នង ហើយមានអ្នកស្លាប់យ៉ាងហោចណាស់ ១៧នាក់ និងមនុស្សជាង ១០០នាក់ បានជាប់ បន្ទាប់ពីការដួលរលំនៃអគារ ៣៤ជាន់ ដែលកំពុងសាងសង់។
គួរបញ្ជាក់ថា សមាគមបាល់ទាត់ថៃ មានគោលបំណងលក់អាវយឺតចំនួន ៣លានអាវ ក្នុងរយៈពេល ៣០ថ្ងៃ ដើម្បីប្រមូលប្រាក់ចំនួន ៣០០លានបាត (៨.៨ លានដុល្លារអាមេរិក) ដើម្បីសងបំណុលរបស់ខ្លួន។ យោងតាម Siam Sport អាវយឺតនីមួយៗ មានតម្លៃប្រហែល ៩០បាត ដើម្បីផលិត ហើយលក់ក្នុងតម្លៃ ២៥៩បាត៕