សម្ដេចក្រឡាហោម ស ខេង ស្នើអាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាទប់ស្កាត់អំពើឆបោកតាមអនឡាញ
ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជន តាមអនឡាញ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តអង្គពាន់ ស្ថិតនៅភូមិត្រស់ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង បានថ្លែងឱ្យដឹងថា ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនសម្រាប់មនុស្សយើង ក្តីបារម្ភ ក៏លេចឡើងមកជាមួយគ្នាដែរនៅពេលបច្ចុប្បន្ននេះ។ ជាក់ស្តែង យើងឃើញមានរូបភាព នៃអំពើឆបោកតាមអនប្រព័ន្ធ អនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំង ការកើនឡើងនៃផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ស្នើឱ្យអាជ្ញាធរ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងនោះមានទាំងក្មួយៗជាសិស្សានុសិស្សដែរ សូមយកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ចៀសវាងការខាតបង់ ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជន តាមអនឡាញ»។
ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងបន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាបន្តទៀត។
សម្ដេចក្រឡាហោម បន្ដថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវជំរុញការផ្សព្វផ្សាយអប់រំលើកកម្ពស់ការអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតអប្បបរិមា។ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើក កម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុង គ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។
ទន្ទឹមនេះ អាជ្ញាធរ ពាក់ព័ន្ធទាំងអស់ត្រូវរៀបចំផែនការសកម្មភាពអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ខ្លួន ដូចជា ការផ្តល់សេវាសាធារណៈ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់ សោភ័ណ្ឌភាព អនាម័យ បរិស្ថាន និងជំងឺឆ្លងរាតត្បាតនានានៅតាមមូលដ្ឋាននីមួយៗ៕