មន្ទីរប៉ង់តាហ្គោនបញ្ចេញថវិកាជាង៣០ពាន់លានដុល្លារបង្កើនការផលិតគ្រាប់កាំភ្លើង និងមីស៊ីល
វ៉ាស៊ីនតោន ៖ ក្រោយការប្រកាសអនុម័តផែនការយោធាថ្មីសម្រាប់ឆ្នាំ២០២៤រួចមក មន្ទីរប៉ង់តាហ្គោនក៏បានបញ្ជាក់ដែរថា ខ្លួននឹងបង្កើនការចំណាយទៅលើផលិតកម្មផលិតគ្រាប់កាំភ្លើងព្រមទាំងមីស៊ីលជាអាទិភាពជាច្រើនប្រភេទផងដែរក្នុងពេលខាងមុខនេះ។
Defense News ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបញ្ជាក់ថាដោយសារតែឥទ្ធិពលរបស់ប្រទេសចិននិងការគំរាមកំហែងពីរុស្ស៊ីផងនោះ ទើបធ្វើឲ្យមន្ទីរប៉ង់តាហ្គោនបានសម្រេចចិត្តក្នុងការបង្កើនចំណាយតែទៅលើផលិតកម្មផលិតគ្រាប់កាំភ្លើង និងមីស៊ីលដែលមានចំនួនរហូតទៅដល់ ៣០,៦ពាន់លានដុល្លារ។
ទំហំចំណាយឆ្នាំ២០២៤នេះមានកំណើនដល់ទៅ១២ភាគរយធៀបទៅនឹងការចំណាយយោធាសម្រាប់ការផលិតគ្រាប់កាំភ្លើង និងមីស៊ីលកាលពីឆ្នាំកន្លងទៅ និងប្រមាណជា៥០ភាគរយច្រើនជាងការចំណាយកាលពី៥ឆ្នាំមុនក្នុងពេលដែលអាមេរិកកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមជ្រុលនិយមអ៊ីស្លាម និងក្រុមតាលីបង់។
ក្នុងចំណែកនៃការចំណាយ ៣០,៦ពាន់លានដុល្លារនោះគេក៏បានដឹងដែរថាពាក់កណ្តាលនៃខ្ទង់ចំណាយ ឬ ១៧,១ពាន់លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ការផលិតមីស៊ីលចំងាយជិត ( Tactical missile) ប្រមាណជា ៧,៣ពាន់លានដុល្លារសម្រាប់មីស៊ីលចំងាយឆ្ងាយ (strategic missile) ប្រមាណជា ៥,៦ពាន់លានដុល្លារសម្រាប់ផលិតគ្រាប់រំសេវ និងគ្រាប់កាំភ្លើងនានាហើយប្រមាណជា ៦០០លានដុល្លារសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀត៕