Close

កម្ពុជារកឃើញប្រភេទខ្យងគោកដែលជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
កម្ពុជារកឃើញប្រភេទខ្យងគោកដែលជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក កម្ពុជារកឃើញប្រភេទខ្យងគោកដែលជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក

ភ្នំពេញ៖ ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ នេះ បើតាមក្រសួងបរិស្ថាននៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥។

ប្រភពដដែលបន្តថា ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថាខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២  (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។

គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (https://km.wikipedia.org/wiki/%E1%9E%A7%E1%9E%91%E1%9F%90%E1%9E%99%E1%9E%91%E1%9E%B7%E1%9E%8F%E1%9F%92%E1%9E%99%E1%9E%9C%E1%9E%9A%E1%9F%92%E1%9E%98%E1%9F%90%E1%9E%93%E1%9E%91%E1%9E%B8%E1%9F%A2%20/h)

អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យChulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaenនិងគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming បានធ្វើការស្រាវជ្រាវកាលពីឆ្នាំ ២០២៤ ក្នុងការរកឃើញនេះ​។

តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus)ចំនួន៥ ក្នុងនោះក៏មិនទាន់មានពួក  “Clostophis”នេះដែរ។ ដូចនេះការសិក្សារបស់យើងក៏បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់ប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា ខ្យងគោកពួក Clostophis ជាពួកខ្យងដែលមានទំហំតូច (ជាទូទៅតូចជាង២មីលីម៉ែត្រ)  ហើយ ខ្យងឧទយាទិត្យClostophis udayaditinus គឺជាខ្យងទី២០នៃពួក Clostophis ដែលត្រូវបានគេរកឃើញ។

តំបន់ទេសភាពភ្នំថ្មកំបោរនៅប្រទេសកម្ពុជាសម្បូរទៅដោយប្រភេទសត្វដែលមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ (Endemic) ។ ការរកឃើញនេះមានសារសំខាន់ព្រោះវាជាកំណត់ត្រាដំបូងនៃពួកខ្យង Clostophis នៅកម្ពុជា បានបង្ហាញពីលក្ខណ:ពិសេសនៃលក្ខខណ្ឌភូមិសាស្រ្ត និងប្រពន្ធអេកូឡូស៊ីនៃតំបន់ថ្មកំបោរកម្ពុជា ដែលមានសារសំខាន់សម្រាប់ការអភិរក្ស៕

កម្ពុជារកឃើញប្រភេទខ្យងគោកដែលជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក