គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ សម្រេចបាន ៩៣,២៨% ហើយ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចលទ្ធផល៩៣,២៨%ហើយ។ នេះ បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២៥។
លោក ផន រឹម ពន្យល់បន្ថែមថា គ្រប់កំណាត់ នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងសម្រុកអ៊ុត AC, គូសគំនូសចរាចរណ៍បែកចែកទ្រូង, ដំឡើងបង្គោលគីឡូម៉ែត្រ, ដំឡើងផ្លាកសញ្ញាចរាចរណ៍, ដំឡើងផ្លាកសញ្ញាកំណត់ល្បឿន…។ល។
លោកថ្លែងថា៖ «កុំបាច់បារម្ភផ្លូវទៅកោះកុងទៀត…! ស្ទើរគ្រប់កំណាត់ នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)បានរួចរាល់ហើយ ដែលមានន័យថា បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានយ៉ាងងាយស្រួល អមដោយរុក្ខជាតិ ព្រៃព្រឹក្សាខៀវស្រងាត់ ត្រជាក់ភ្នែក ជាទីដ៏មនោរម្យមិនអាចកាត់ថ្លៃបាន»។
លោកសង្កត់ធ្ងន់ទៀតថា
ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលបានយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កំពុងមមាញឹកនេះ៕