ព័រទុយហ្គាល់ ប៉ះ អាល្លឺម៉ង់ ខណៈ បារាំង ប៉ះ អេស្ប៉ាញ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Nations League
បន្ទាប់ពីប្រកួតគ្នាជាច្រើនសប្ដាហ៍នៅលើទីលាន ទីបំផុត! គេបានរកឃើញក្រុមខ្លាំងទាំង៤ ហើយ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Nations League រដូវកាល ២០២៤-២៥ ។
ចំពោះក្រុមខ្លាំងទាំង ៤ ដែលឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ UEFA Nations League រដូវកាលនេះ មាន ក្រុមបញ្ចខែលព័រទុយហ្គាល់ ក្រុមឥន្រ្តីដែកអាល្លឺម៉ង់ ក្រុមមាន់គោកបារាំង និងក្រុមគោជល់អេស្ប៉ាញ។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ព័រទុយហ្គាល់ ប៉ះ អាល្លឺម៉ង់ ខណៈ បារាំង ប៉ះ អេស្ប៉ាញ។
មុនឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមបញ្ចខែលព័រទុយហ្គាល់ បានទំលាក់ក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងវគ្គ៨ក្រុមចុងក្រោយ សរុបលទ្ធផលទាំងពីជើង ៥ ទល់នឹង ២ ក្នុងនោះ តារាងឆ្នើម Cristiano Ronaldo រកបានមួយគ្រាប់ផងដែរ។
ចំណែក្រុមឥន្រ្តីដែកអាល្លឺម៉ង់ បានយកឈ្នះ ក្រុមអាសូរីអ៊ីតាលី យ៉ាងតានតឹង សរុបលទ្ធផលប្រកួតទាំងពីរជើង ៥ ទល់នឹង ៤។ រីឯក្រុមមាន់គោកបារាំង ក្រោមការដឹកនាំរបស់គ្រូបង្វឹក Didier Deschamps បានយកឈ្នះ ក្រុមអាត់ការ៉ូក្រូអាត ដោយបាល់ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ ក្រោយប្រកួតទាំងពីជើងស្មើគ្នា ២ទល់នឹង២។
ចុងក្រោយគេ គឺក្រុមគោជល់អេស្ប៉ាញ ក្នុងនាមជាម្ចាស់ការពារដំណែងជើងឯក បានយកឈ្នះ លើក្រុមទឺកក្រូចហូឡង់ យ៉ាងលំបាក ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួតទាំងពីរជើង បានត្រឹមស្មើគ្នា ៥ទល់នឹង៥។
សម្រាប់ការប្រកួតវគ្គពាក់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Nations League រដូវកាល ២០២៤-២៥ នេះ នឹងធ្វើឡើងនៅថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្នាំ២០២៥ ខណៈការប្រកួតវគ្គនេះ ធ្វើឡើងតែមួយជើងប៉ុណ្ណោះ ដោយអ្នកឈ្នះ នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយអ្នកចាញ់ ប្រកួតយកលេង៣។
គួរបញ្ជាក់ថា ពានរង្វាន់ UEFA Nations League បង្កើតឡើងដំបូង នៅឆ្នាំ ២០១៨ ដោយលេងរៀងរាល់២ឆ្នាំម្ដង។ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ឈ្នះជើងឯកមុនគេ ក្នុងឆ្នាំ២០១៨ ហើយឆ្នាំ ២០២១ បានទៅលើក្រុមជម្រើសជាតិបារាំង និងឆ្នាំ ២០២៣ បានទៅលើក្រុមជម្រើសជាតិអេស្ប៉ាញ៕