ស្នងការនគរបាលខេត្តបាត់ដំបង ណែនាំមន្រ្តីនគរបាលទាំងអស់ កុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន
បាត់ដំបង ៖ មន្ត្រីនគរបាលទាំងអស់ កុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន គឺជាសារដាស់តឿនរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មីនា និងលើកទិសដៅសម្រាប់អនុវត្ត ខែបន្ត នៅសាលប្រជុំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៨ខែ មីនា ឆ្នាំ២០២៥ ។
សេចក្តីថ្លែងរំលឹកដាស់តឿនរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ នៅពេលនេះមិនមែនជាលេីកដំបូងនោះទេ ប៉ុន្តែជាការរំលឹកដាស់ តឿនជារឿយៗក្នុងនាមជាថ្នាក់ដឹកនាំស្នងការ មិនចង់ឃេីញមន្រ្តីថ្នាក់ក្រោមរបស់ខ្លួនណាមួយមានការពាក់ព័ន្ធនឹងបញ្ហានេះឡេីយ ទាំងការប្រេីប្រាស់ ការចែកចាយ ការជួញដូរឬ ធ្វេីជាខ្នងបង្អែងនៃអំពេីល្មេីសគ្រឿងញៀននេះ។
ក្រៅពីនេះ លោកស្នងការ បានប្រកាសថា មន្ត្រីនគរបាលដែលមានកំហុសខាងវិន័យរបស់កងកម្លាំងនគរបាលជាតិក្នុងកម្រិតអប់រំណែនាំឬត្រូវផ្អាកការងារជាបណ្តោះ អាសន្ននោះមិនត្រូវបានយកមកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ឬនៅក្នុងស្នងការដ្ឋានដូចមុនទៀតទេ ប៉ុន្តែមន្រ្តីនោះត្រូវបញ្ជូនគាត់ឱ្យទៅបំពេញភារកិច្ចនៅព្រំដែនរយៈពេលយូរ ដេីម្បីឱ្យគាត់ បានដឹងពីការលំបាកនៅទីនោះដូចម្តេចខ្លះ ដែលការប្រកាសនេះគឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃថ្លែងនាប៉ុន្មាន ថ្ងៃកន្លងទៅ។
តាមរយៈសារដាស់តឿននេះសង្ឃឹមថាមន្រ្តីនគរបាលគ្រប់រូបត្រូវប្រតិបត្តិឱ្យត្រឹមត្រូវស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនជាកងកម្លាំងនគរបាលជាតិត្រូវគោរពវិន័យនិង បទបញ្ជារបស់ថ្នាក់ដឹកនាំ ជឿជាក់ថាមិនមានមន្រ្តីនគរបាលរូបណាមានការពាក់ព័ន្ធជាមួយនឹងបញ្ហាគ្រឿងញៀននោះឡេីយ ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលកាពារព្រំដែនគោកនិងអធិការនគរបាលក្រុងស្រុក រួមទាំងមន្រ្តីពាក់ព័ន្ធជាច្រេីនទៀត ហេីយនៅចុងបញ្ចប់លោកស្នងការបានចែកនូវសម្ភារៈអាវចំណាំងប្លាតដែលជាអំណោយដ័ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជូនដល់ អង្គភាព អធិការដ្ឋាននគរបាលក្រុង ស្រុក ផែនការងារជំនាញ បានប្រេីប្រាស់បំពេញភារកិច្ចប្រចាំថ្ងៃ៕