Close

ខេត្តព្រះសីហនុបើកការដ្ឋានសាងសង់ «ឆ្នេរព្រែកត្រែង» ជារមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់

ដោយ៖ Chhan Sreyka ​​ | 20 ម៉ោងមុន ព័ត៌មានជាតិ
ខេត្តព្រះសីហនុបើកការដ្ឋានសាងសង់ «ឆ្នេរព្រែកត្រែង» ជារមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ខេត្តព្រះសីហនុបើកការដ្ឋានសាងសង់ «ឆ្នេរព្រែកត្រែង» ជារមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង» ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីប្រែក្លាយជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ពិធីបើកការដ្ឋានត្រូវបានធ្វើឡើង នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុបើកការដ្ឋានសាងសង់ «ឆ្នេរព្រែកត្រែង» ជារមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់

បើតាមរដ្ឋបាលខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ជាគម្រោងស្ថារលើកកម្ពស់សោភ័ណភាពឆ្នេរព្រែកត្រែងដូចជា រៀបចំកែលម្អ និងការពារឆ្នេរខ្សាច់សរធម្មជាតិប្រណិតកម្រិតខ្ពស់សម្រាប់សាធារណជននិងទេសចរ និង រៀបចំតំបន់សុវត្ថិភាពសម្រាប់លេងទឹកសមុទ្រកម្សាន្ត និងរៀបចំប៉មឆ្នាំសមុទ្រសម្រាប់ការពារសុវត្ថិភាព។

លើសពីនេះទៀត ក៏នឹងរៀបចំសួនច្បារសាធារណៈ ដាំដើមឈើបណ្តាញបៃតង និងកន្លែងពិកនិកកម្សាន្ត នៅលើដីចំណីឆ្នេរសមុទ្រសម្រាប់សាធារណជន និងទេសចរ ព្រមទាំងរៀបចំផ្លូវថ្មើរជើងដោយមានផ្លូវសម្រាប់ជនមានពិការភាពនៅលើដីចំណីឆ្នេរសមុទ្រស្របតាមបណ្តោយឆ្នេរសមុទ្រ។

ជាមួយគ្នានេះ ក៏នឹងរៀបចំកន្លែងអង្គុយលម្តែ កន្លែងលេងកីឡា ឡានម្ហូបដែលមានស្តង់ដាអន្តរជាតិ សម្រាប់សាធារណជន និងទេសចរ, រៀបចំបន្ទប់ទឹកសាធារណៈដោយមានបន្ទប់ទឹកសម្រាប់ជនមានពិការភាព, ជួសជុលកែលម្អកញ្ចុះចាស់ៗដែលមានស្រាប់សម្រាប់សាធារណជន និងទេសចរ, រៀបចំតម្លើងឆត្រប្រក់ស្បូវសម្រាប់សាធារណជន និងទេសចរ, និង រៀបចំចំណតរថយន្ត និងចំណតយានយន្តសាធារណៈនៅក្នុងតំបន់រណប។

ខេត្តព្រះសីហនុបើកការដ្ឋានសាងសង់ «ឆ្នេរព្រែកត្រែង» ជារមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់

បន្ថែមពីនេះ ក៏នឹង រៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និង រៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបន្ទប់ស្តុកសំរាមស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។គម្រោងនេះ គ្រោងចាយថវិកាអស់ប្រមាណពី ២ ទៅ៣លានដុល្លារអាម៉េរិក ។

នៅពេលសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” រួចរាល់ ខេត្តព្រះសីហនុ និងកាន់តែមានការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគិនកាន់តែច្រើនបន្ថែមទៀតមកលេងកម្សាន្តនៅខេត្តព្រះសីហនុ។

ឆ្នេរព្រែកត្រែងនេះ មានទិដ្ឋភាពស្រស់ស្អាតមិនចាញ់ឆ្នេរដ៏ទៃទៀតឡើយ តែយ៉ាងណាភ្ញៀវទេសចរដែលស្គាល់ឆ្នេរមួយនេះនៅមានចំនួនតិចតួចនៅឡើយ។ មានប្រវែងជាង ២គីឡូម៉ែត្រឆ្នេរព្រែកត្រែងមានបរិយាកាសស្ងប់ស្ងាត់ និងឆ្នេរខ្សាច់សក្បុសដូចសម្លី។ ភ្ញៀវទេសចរអាចទទួលទានអាហារ និងសម្រាក់លម្ហែនៅតាមមាត់ឆ្នេរយ៉ាងមនោរម្យ៕