អាមេរិក អនុម័តលើការលក់យន្ដហោះយោធា Hawkeye ទៅឲ្យជប៉ុនក្នុងកញ្ចប់ថវិកា ១,៤ពាន់លានដុល្លារ
បរទេស ៖ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានប្រកាសក្នុងអនុញ្ញាតឲ្យមានការលក់យន្ដហោះយោធាមួយចំនួនធំទៅឲ្យប្រទេសជប៉ុនក្នុងតម្លៃប្រមាណជា ១,៤ពាន់លានដុល្លារ។
យន្តហោះយោធាសម្រាប់កិច្ចការងារត្រួតពិនិត្យដែនអាកាស និងផ្តល់សញ្ញាព្រមានជាមុនប្រភេទ E-2D advanced Hwakeye គឺជាចំណែកនៃកញ្ចប់យោធាចុងក្រោយដែលក្រុងវ៉ាស៊ីនតោនសម្រេចលក់ឲ្យរដ្ឋាភិបាលទីក្រុងតូក្យូលើកនេះដោយក្នុងនោះក៏មានទាំងការផ្ដល់សេវាកម្មដឹកជញ្ជូន និងថែទាំបច្ចេកទេសព្រមទាំងប្រព័ន្ធបង្ហាញរ៉ាដា AN/AYK-27 និង APY-9 radar ផងដែរ។
នៅក្នុងសេចក្តីប្រកាសដែលបានធ្វើឡើងដោយក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ដែរថា កុងត្រាលក់អាវុធនេះនឹងជួយបង្កើនសមត្ថភាពការពារជាតិរបស់ប្រទេសជប៉ុន ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
គួរឲ្យដឹងដែរថា ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុនត្រូវបានគេមើលឃើញថាបាន និងកំពុងរៀបចំខ្លួនយ៉ាងច្បាស់លាស់ក្នុងការបង្កើនចំណាយយោធាតាំងតែពីខែធ្នូ ឆ្នាំ២០២២ ដោយក្នុងនោះលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក៏បានចេញបញ្ជាឲ្យគណៈរដ្ឋមន្ត្រីបង្កើនកញ្ចប់ថវិកាជាតិសម្រាប់យោធាទៅដល់២ភាគរយផងដែរនៃទំហំផលិតផលក្នុងស្រុកសរុប៕