ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម បណ្ឌិត Santo Darmosumato ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម បណ្ឌិត Santo Darmosumato បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលតែងតែខិតខំជួយជ្រោមជ្រែង និងសម្របសម្រួលរាល់កិច្ចសហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក និងបានស្នើសុំបន្តកិច្ចសហការឱ្យកាន់តែប្រសើរបន្ថែមទៀតនាពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការលើការងារបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
ជាមួយគ្នានេះ ឯកឧត្តមស្នងការ ក៏បានចាត់ឱ្យអង្គភាពជំនាញពាក់ព័ន្ធចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបន្តរក្សាកិច្ចសហការការងារជាមួយស្ថានទូត ឥណ្ឌូនេស៊ី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕