Close

បាត់​ដំបង : បឹងអាថិ៍កំបាំងកណ្ដាលព្រៃ បានទាក់ទាញកំណើនភ្ញៀវទេសចរ​ ៣០% ចូលទៅទស្សនាសហគមន៍អូជាំ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ សង្គម
បាត់​ដំបង : បឹងអាថិ៍កំបាំងកណ្ដាលព្រៃ បានទាក់ទាញកំណើនភ្ញៀវទេសចរ​ ៣០% ចូលទៅទស្សនាសហគមន៍អូជាំ បាត់​ដំបង : បឹងអាថិ៍កំបាំងកណ្ដាលព្រៃ បានទាក់ទាញកំណើនភ្ញៀវទេសចរ​ ៣០% ចូលទៅទស្សនាសហគមន៍អូជាំ

បន្ទាប់ពីក្រុមការងាររបស់ក្រសួងបរិស្ថានចុះទៅស្រាវជ្រាវ និងបានផ្សព្វផ្សាយពីបឹងកណ្ដាលព្រៃ ដែលជាបឹងអាថិ៍កំបាំង មិនធ្លាប់មានអ្នកទៅដល់ ប្រជាពលរដ្ឋ ជាពិសេសអ្នកនិយមដើរផ្សងព្រេង ផ្ទុះការចាប់អារម្មណ៍ និងនាំគ្នាសម្រុកទៅលេងដើម្បីបានឃើញបឹងនេះផ្ទាល់ភ្នែក។

បឹងមួយនេះត្រូវបានគេឱ្យឈ្មោះថា «បឹងអូរជាំ» ឬអ្នកខ្លះហៅថា «ទន្លេផែន» ស្ថិតនៅយ៉ាងខ្ពស់លើកំពូលភ្នំសំកុល នៅក្នុងតំបន់ទឹកធ្លាក់អូរជាំ ខេត្តបាត់ដំបង។ បឹងអូរជាំ ត្រូវបានក្រុមការងារក្រសួង បរិស្ថានចុះទៅស្រាវជ្រាវកាលពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ។

បើតាមលោក កត បូរាន ប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង បានឱ្យដឹងថា ការរកឃើញទន្លេផែន បឹងធម្មជាតិដ៏ធំ នៅលើកំពូលភ្នំសំកុស នឹងនាំឱ្យការពង្រឹងបន្ថែមទៀតលើការការពារ និងការអភិរក្សធនធានធម្មជាតិដ៏ល្អ និងមានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិថ្មីបន្ថែមទៀត ដែលផ្តល់ប្រយោជន៍បន្ថែមដល់សេដ្ឋកិច្ចជាតិ និងដល់សហគមន៍មូលដ្ឋាន។

តាមការបញ្ជាក់បន្ថែមរបស់លោកប្រធានមន្ទីរដដែល ទីកន្លែងនេះមិនត្រឹមតែសម្បូរទៅដោយសក្តានុពលធម្មជាតិទេ តែក៏សម្បូរទៅដោយសត្វព្រៃ ជាពិសេសសត្វស្វាទោច ដែលពេលធ្វើដំណើរទៅដល់ វាបានស្រែកយំទ្រហឹងព្រៃតែម្តង។ ដោយឡែក ការធ្វើដំណើរទៅកាន់បឹងដ៏ស្រស់ស្អាតនេះ គឺមានឧបសគ្គច្រើន ដោយសារតែអ្នកដំណើរត្រូវដើររុកព្រៃស្ទើរតែកន្លះថ្ងៃទើបដល់។ ការណ៍នេះ បាននាំឱ្យក្រុមអ្នកទៅស្រាវជ្រាវសន្មត់ថា តំបន់នេះមិនធ្លាប់មាននរណាបានទៅលេងពីមុនមកនោះទេ។

ទាក់ទិននឹងរឿងនេះដែរ លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ បានឱ្យដឹងថា ទឹកធ្លាក់អូរជាំ ជាទីកន្លែងទឹកធ្លាក់ដ៏ល្អឯកមួយកន្លែង ដែលមានទឹកហូរមិនចេះរីងស្ងួតឡើយដោយសារថាបានមកពីប្រភពទឹកបឹងដ៏ធំមួយកន្លែងនេះឯង។

យ៉ាងណាមិញ ចាប់តាំងពីការផ្សព្វផ្សាយអំពីការរកឃើញតំបន់ទេសចរណ៍ថ្មី កាលពីថ្ងៃទី២៣ ខែកុម្ភៈ ភ្ញៀវទេសចរជាច្រើននាក់ មកពីគ្រប់ទិសទីបានដាក់គោលដៅទៅទស្សនាតំបន់នេះ។

លោក គីម សុង បានរៀបរាប់ថា៖ «ពីមុនៗ ភ្ញៀវទេសចរមិនសូវជាមានច្រើនឡើយចាប់តាំងពីជំងឺកូវីដ១៩មក តែក្រោយការផ្សព្វផ្សាយពីទន្លេផែន ធ្វើឲ្យទេសចរចង់ដឹង ចង់ឮ និងការចូលមកទស្សនាសហគមន៍អេកូទេសចរណ៍អូរជាំទាំងមូលមានការកើនឡើងប្រមាណ ៣០ភាគរយ»។

រីឯភ្ញៀវទេសចរដែលទៅទស្សនាសហគមន៍ទៀតសោត មានទាំងភ្ញៀវខ្មែរ និងបរទេស ដែលភ្ញៀវទេសចរភាគច្រើនដែលចូលទៅក្នុងសហគមន៍ គឺសំដៅចង់ទៅ «ទន្លេផែន» តែម្តង បើទោះជាផ្លូវឆ្ពោះទៅបឹងលើកំពូលភ្នំមួយនេះមិនទាន់មានការឈូសឆាយ និងរៀបចំឲ្យបានសមរម្យក៏ដោយ។ ប៉ុន្តែយ៉ាងណា ប្រធានសហគមន៍រូបនេះ កំពុងតែស្វែងរកថវិកាជំនួយសម្រាប់ធ្វើផ្លូវឡើងតាមលក្ខណៈបច្ចេកទេស ដើម្បីបង្កភាពងាយស្រួលដល់អ្នកដំណើរ។ ម្យ៉ាងទៀត លោករំពឹងខ្ពស់ថា ការរកឃើញតំបន់ទេសចរណ៍ថ្មី និងប្លែកមួយនេះ នឹងជំរុញតំបន់អូរជាំឱ្យកាន់តែមានសក្កានុពលទេសចរណ៍ទ្វេដង។

គួរឱ្យដឹងថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ដោយមានភូមិចំនួន ២​ គឺ ភូមិអូជាំលើ និងអូជាំកណ្តាល ហើយមានប្រជាសហគមន៍រស់នៅជាង ១ពាន់នាក់។ ប្រជាសហគមន៍នៅទីនោះ ភាគច្រើនប្រកបរបរកសិកម្ម និងបម្រើសេវាកម្មក្នុងវិស័យទេសចរណ៍។

យោងតាមការស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ទឹកបឹងអូរជាំ ឬទន្លេផែន មានជម្រៅប្រមាណ២០-៣០ម៉ែត្រ និងមានទំហំជិត៣ហិកតា។ បច្ចុប្បន្នមានមនុស្សតិចតួចណាស់បានទៅដល់ ហើយបានស្គាល់ សូម្បីតែអ្នកស្រុកនៅក្នុងតំបន់នេះផ្ទាលល់ក៏កម្រអ្នកទៅដល់ និងបានឃើញដោយផ្ទាល់ដែរ៕

អត្ថបទទាក់ទង