មន្ត្រីជំនាញជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍
សៀមរាប៖ លោក ម៉ែន ភារម្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមិនត្រូវចាត់ទុកថាវាជាតួនាទីដាច់មុខរបស់ក្រសួងទេសចរណ៍ម្នាក់ឯងនោះឡើយ។
លោក ម៉ែន ភារម្យ បានជំរុញបែបនេះ ក្នុងពេលលោកឡើង ថ្លែងក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការរៀបផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
នាឱកាសនោះ លោក ម៉ែន ភារម្យ លើកឡើងថា នៅតំបន់ខ្លះខាងទេសចរណ៍មើលឃើញអំពីសក្តានុពលអាចទាក់ទាញឱ្យមានអ្នកទៅលេង ប៉ុន្តែវាស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយបរិស្ថាន រីឯផ្លូវគមនាគមន៍ស្ថិតក្រោមក្រសួងអភិវឌ្ឍន៍ជនបទ ដូច្នេះវាអាចទៅរួចបើមិនមានភាគីណាមួយចូលរួម។ នៅក្នុងអាណត្តិថ្មីនេះ ក្រសួងទេសចរណ៍ បានរៀបចំនូវគោលនយោបាយអភិវឌ្ឍទេសចរណ៍ច្បាស់លាស់ ជាពិសេសបានដាក់ចេញនូវពាក្យស្លោកថា ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ និងទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍។
ជាមួយគ្នានោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តតំបន់សៀមរាប និងតំបន់ជុំវិញ ដែលបានចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍បានយ៉ាងល្អប្រសើរ តាមរយៈការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ដែលនេះបានបង្ហាញអំពីស្មារតីទទួលខុសត្រូវរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដែលជាចលករដ៏សំខាន់សម្រាប់កំណើនទេសចរណ៍កម្ពុជា ស្របតាមទស្សនទាន រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ។
ជុំវិញរឿងនេះ លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ បានចង្អុលបង្ហាញពី ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដោយត្រូវរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរ នៅតាមគោលដៅអាទិភាពទាំង៦ ជាអាទិ៍តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ការពារប្រាសាទបន្ទាយស្រី តំបន់បេតិកភណ្ឌអង្គរ តំបន់ក្រុងសៀមរាប តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី។
លោកអភិបាលរងខេត្តបន្តថា ដោយសារតែវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យខកខានពុំបានជំរុញការអនុវត្តស្មារតីនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានពេញលេញ និងជាក់ស្តែងនៅឡើយទេ។ បច្ចុប្បន្ននេះ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដែលមានឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសជាប្រធាន បានរៀបចំនូវផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ដែលផែនការនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអនុវត្ត ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យ ធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅចូលរួមស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍សៀមរាប៕