ក្រសួងពីរជំរុញការការពារពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ដោយពិភាក្សាការធ្វើវិសោធនកម្មច្បាប់
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការសហភាពការពារពូជថ្មីនៃដំណាំ (UPOV) បានរៀបចំសិក្ខាសាលាស្តីពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ការធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីពង្រឹងប្រព័ន្ធការពារពូជថ្មីនៃដំណាំឱ្យមានប្រសិទ្ធភាព ស្របតាមស្តង់ដាអន្តរជាតិ និងអនុសញ្ញា UPOV ។”
ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំរបស់កម្ពុជាកំណត់ការគ្រប់គ្រង និងការត្រួតពិនិត្យលើការបង្កាត់ ការបញ្ចេញឱ្យប្រើ ការផលិត កែច្នៃ ចុះបញ្ជី ចែកចាយ នាំចូល និងនាំចេញពូជដំណាំ ព្រមទាំងការការពារពូជថ្មីនៃដំណាំក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទទួលខុសត្រូវលើការផ្តល់សិទ្ធិការពារពូជថ្មីនៃដំណាំ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលខុសត្រូវលើការគ្រប់គ្រងពូជដំណាំគ្រប់ប្រភេទ។