Close

ក្រណាត់សូត្រ និងក្រមាខ្មែរ ត្រូវបានបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
ក្រណាត់សូត្រ និងក្រមាខ្មែរ ត្រូវបានបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច ក្រណាត់សូត្រ និងក្រមាខ្មែរ ត្រូវបានបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច

បារីស៖ ក្រណាត់សូត្រ និងក្រមា ដែលជាកេរ្តិ៍ដំណែល និងមរតកវប្បធម៌ខ្មែរតាំងពីសម័យបុរាណកាលមក ត្រូវបានពាំនាំបង្ហាញជូនភ្ញៀវអន្តរ​ជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ផ្សព្វ​ផ្សាយការទូតសេដ្ឋកិច្ច និងវប្បធម៌ ដែលរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងសមាគម Padouma នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍នេះមានការចូលរួមពីភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ ក្នុងនោះរួមមានបណ្តាអង្គទូតពីប្រទេសជាសមាជិកអាស៊ាន ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី ចៅសង្កាត់រងប៉ារីសទី៧ តំណាងធនាគារ BRED តំណាងវេទិកាធុរកិច្ចបារាំង ឥស្សរជនល្បីៗក្នុងពិភពសារព័ត៌មាន និងច្នៃម៉ូដ ដូចជាលោក Michel DRUCKER ពិធីករ និងជាអ្នកផលិតកម្មវិធីទូរទស្សន៍បារាំង និងលោក Rodrigo Basilicati CARDIN ដែលត្រូវជាក្មួយរបស់លោក Pierre CARDIN អ្នកច្នៃម៉ូដបារាំងដ៏ល្បីល្បាញ និងជាប្រធានក្រុមហ៊ុន Pierre CARDIN។

ក្រណាត់សូត្រ និងក្រមាខ្មែរ ត្រូវបានបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច

លោកស្រី Yleng KEM អ្នកច្នៃម៉ូដដ៏មានទេពកោសល្យ ដែលមាន​បទពិសោធន៍​ធ្វើការ​ជាមួយ​លោក Pierre CARDIN អ្នកច្នៃម៉ូដបារាំងរយៈពេល៤០ឆ្នាំ និងលោក Nizam PIARROUX អ្នកជំនាញ​ច្នៃម៉ូដ​បារាំងដែលមានបទពិសោធន៍ការងារក្នុងវិស័យនេះរយៈពេល៣០ឆ្នាំមកហើយ បានរួមសហការគ្នា ច្នៃម៉ូដ​សម្លៀក​បំពាក់​ដោយ​បញ្ចូល​នូវវប្បធម៌​ពីរផ្សេងគ្នារវាងខ្មែរ និងលោកខាងលិច បង្កើតជាស្នាដៃមួយដ៏​ទាក់ទាញ​ដែល​មាន​បង្កប់នូវអត្ថន័យ​ប្រវត្តិសាស្រ្ត និងតម្លៃនៃវប្បធម៌ខ្មែរ។ សម្លៀកបំពាក់បែបសាមញ្ញ ប៉ុន្តែ​មានភាពទាន់សម័យតាមបែបលោកខាងលិច រំលេចនូវផ្ការំដួលដែលជាអត្តសញ្ញាណជាតិខ្មែរ បាន​បង្ហាញ​ពីភាព​ស្រស់ស្អាត ប្រណីតភាព និងសេចក្តីថ្លៃថ្នូរនៃស្នាដៃតម្បាញខ្មែរ។

ក្រៅពីអត្ថន័យជាសម្បតិ្តបេតិកភណ្ឌអរូបី ក្រណាត់សូត្រ និងក្រមាក៏បង្កប់នូវអត្ថន័យវប្បធម៌​សាមគ្គីភាព​របស់ប្រជាពលរដ្ឋខ្មែរផងដែរ។ ការត្បាញចូលគ្នាម្តងមួយសរសៃៗ សបញ្ជាក់ពីការរួមគ្នាជា​ប្រជាជាតិតែមួយ។ ជាគុណតម្លៃមិនអាចកាត់ថ្លៃបាន បងប្អូនពលរដ្ឋខ្មែរនៅប្រទេសបារាំង ក៏ដូចជានៅ​ប្រទេស​ផ្សេងៗ​ទៀតលើ​ពិភពលោក បានចំណាយពេលវេលា ប្រើប្រាស់​ទេពកោសល្យ និងចំណេះជំនាញ​របស់​ខ្លួន​ ដើម្បីរួមចំណែក​ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី​ដ៏ផូរផង់ និងសិល្បៈខ្មែរ​គ្រប់ទម្រង់​លើ​ឆាក​អន្តរជាតិ។

ការអភិរក្ស ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍ ដោយ​ផ្អែក​លើមូលដ្ឋាននៃវប្បធម៌ និង​អត្តសញ្ញាណ​ជាតិ គឺជាស្ពាននាំកម្ពុជាទៅកាន់វឌ្ឍនភាពនៃវប្បធម៌ និងការទទួលស្គាល់ជាអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា​តែង​តែយកចិត្តទុកដាក់ចំពោះការអភិរក្ស​មរតក​ដូនតាខ្មែរ​គ្រប់ទម្រង់ ដោយបានដាក់បញ្ចូលដោយជោគជ័យ «ក្រមាខ្មែរ» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ​យូណេស្កូនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤៕

ក្រណាត់សូត្រ និងក្រមាខ្មែរ ត្រូវបានបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច

អត្ថបទទាក់ទង