Close

អន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ សង្គម
អន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា អន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា

ភ្នំពេញ ៖  ក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារអន្តរក្រសួង បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើឯកសណ្ឋាន សញ្ញាស័ក្តិ និងមេដាយគោរមងារផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ឯកឧត្តម រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានបញ្ជាក់ថា នៅក្នុងសេចក្តីព្រាងព្រះរាជ្យក្រឹត្យនេះ នៅសល់តែចំណុចជំពូកទី៦ ស្តីពីឯកសណ្ឋានគោរមងារផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ទៀតតែប៉ុណ្ណោះ ដែលក្រុមការងារត្រូវពិនិត្យ និងពិភាក្សា។ ទន្ទឹមនេះ ឯកឧត្តម ប៊ុន ហុន ក៏បានថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានជួយជ្រោមជ្រែង និងរៀបចំនូវជំពូកទី៦នេះឱ្យកាន់តែល្អប្រសើរឡើង ព្រោះថាព្រះរាជ្យក្រឹត្យនេះរៀបចំធ្វើឡើងដើម្បីផលប្រយោជន៍ជាតិរួម។

សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា មានចំនួន ១០ជំពូក និង ២៦មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកជូនដែរថា ក្រុមការងារអន្តរក្រសួងនេះត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និង ផ្តួចផ្តើមសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា នេះឱ្យកើតមានឡើង  ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ ក្នុងនោះមានឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងអនុប្រធានចំនួន ១រូប ព្រមទាំងសមាជិកចំនួន ១០រូបដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ៕

អត្ថបទទាក់ទង