បន្លែស្ពៃក្តោប ក្លាយជាដំណាំសម្គាល់ភូមិសាស្ត្រខេត្តមណ្ឌលគិរី មានទីផ្សារល្អ និងតម្លៃសមរម្យ
មណ្ឌលគិរី ៖ ស្ពៃក្តោបជាដំណាំបន្លែមួយប្រភេទក្នុងចំណោមបន្លែល្បីៗប្រចាំខេត្តមណ្ឌលគិរីដទៃទៀត ដូចជាការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ស្ពៃបូកគោ ខាត់ណា ដែលប្រជាកសិករក្នុងខេត្តមណ្ឌលគិរី និយមចូលចិត្តដាំ ដ្បិតមានទីផ្សារល្អនិងតម្លៃសមរម្យ អាចបង្កើនជីវភាពពួកគាត់ឱ្យបានល្អប្រសើរ ។ នេះ បើតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥។
ប្រភបដដែលបន្តថា កត្តាដីមានជីវជាតិ អាកាសធាតុអំណោយផល ប្រភពទឹកគ្រប់គ្រាន់ និង ឮបច្ចេកទេសដាំដុះត្រឹមត្រូវ បន្លៃស្ពៃក្តោបក្នុងខេត្តមណ្ឌលគិរីហាក់បីដូចជាមានរសជាតិផ្អែម ស្រួយ ខុសពីតំបន់ដទៃៗទៀតក្នុងប្រទេសកម្ពុជា រហូត ដល់មហាជនលាន់មាត់ថា បើទៅលេងខេត្តមណ្ឌលគិរីហើយមិនបានសាកទទួលទានស្ពៃក្តោប ដែលដាំដុះផ្ទាល់នៅទីនោះ ហាក់ដូចមិនបានទៅលេងមណ្ឌលគិរី អីចឹង ។
ចំណែក ប្រជាកសិករលោក ភិន ផន អនុប្រធានសហគមន៍បន្លែសុវត្ថិភាពកសិកម្មសាមគ្គីមនោរម្យ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យឱ្យដឹងថា ដើម្បីអាចផ្គត់ផ្គង់បន្លែមានសុវត្ថិភាពជូនដល់អតិថិជន កសិករដែលអាស្រ័យការដាំដុះបន្លែនៅក្រុងសែនមនោរម្យ បានប្រមូលផ្តុំគ្នាចងក្រងជាសហគមន៍មានសមាជិកជាច្រើនគ្រួសារ នាំយកបន្លែដែលគ្មានផលប៉ះពាល់ដល់សុខភាពសម្រាប់បំពេញតម្រូវការទីផ្សារ។
ទាក់ទិននឹងបញ្ហានេះ លោក សេង សៅ ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដំណាំស្ពៃក្តោប គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ អនុវត្តបាន១៤ ហិកតា( ក្រុងសែនមនោរម្យ ៨ហិកតា)ចំពោះស្ពៃក្តោបប្រមូផលភាគច្រើនលក់ទៅកាន់ទីផ្សាបោះដុំបន្លែនៅភ្នំពេញនិងតាមបណ្តាខេត្តផ្សេងៗ។
ក្នុងនោះសហគមន៍ សាមគ្គីមនោរម្យបានផលិតកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនមាសបៃតង។ ដើម្បីពង្រឹងបច្ចេកទេសដល់កសិករ បង្កើនគុណភាព និងចូលរួមផ្តល់នូវសុវត្ថិភាពបន្លែ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មណ្ឌលគិរី បានបើកបណ្តុះបណ្តាលពង្រឹងបច្ចេកទេស ចុះផ្តល់ប្រឹក្សាបច្ចេកតាមគ្រួសារកសិករ ព្រមទាំងផ្តល់ធាតុចូលសំខាន់ៗ។
ដោយសារដំណាំស្ពៃក្តោបនៅខេត្តមណ្ឌលគិរី មាន ឱជារសផ្អែមស្រួយឆ្ងាញ់បែបធម្មជាតិ ល្បីល្បាញដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលទៅទស្សនាកម្សាន្តនៅខេត្តមណ្ឌលគិរី តែងតែបញ្ជាទិញយកទៅទទួលទានស្ទើរគ្រប់ៗគ្នា។
ការចាប់អារម្មណ៏និងចលនាគាំទ្រផលិតផលក្នុងស្រុកពីសំណាក់មហាជន ជាពិសេសប្រជាកសិករដាំបន្លែផ្សេងៗគ្រប់ប្រភេទក្នុងខេត្តមណ្ឌលគិរីនិយាយជារួម និងនិយាយដោយឡែកបន្លែស្ពៃក្តោប គឺធ្វើឲ្យជីវភាពពួកគាត់ដែលជាកសិករ បានល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕