Close

មន្ត្រីឧទ្យានុរក្សស្ត្រី៖ ទោះបីជាការងារនេះលំបាក ប៉ុន្តែពួកយើងនឹងបន្តលះបង់ដើម្បីប្រយោជន៍ជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ សង្គម
មន្ត្រីឧទ្យានុរក្សស្ត្រី៖ ទោះបីជាការងារនេះលំបាក ប៉ុន្តែពួកយើងនឹងបន្តលះបង់ដើម្បីប្រយោជន៍ជាតិ មន្ត្រីឧទ្យានុរក្សស្ត្រី៖ ទោះបីជាការងារនេះលំបាក ប៉ុន្តែពួកយើងនឹងបន្តលះបង់ដើម្បីប្រយោជន៍ជាតិ

ក្នុងឱកាសដែលទិវាសិទ្ធិនារីអន្តរជាតិចូលមកដល់នេះ ក្រសួង ស្ថាប័ន និងអង្គការនានាចេញជាសកម្មភាពផ្សេងៗដើម្បីបន្តចូលរួមលើកកម្ពស់តម្លៃស្ត្រី ជាពិសេស ការងារដែលមិនសូវមានស្ត្រីធ្វើ​ ដូចជា អ្នកដឹកនាំ អ្នកបើកយន្ដហោះ វិស្វករ អ្នកបច្ចេកវិទ្យា និងឧទ្យានុរក្សជាដើម។

ការងារដែលមិនសូវមានវត្តមានស្ត្រីធ្វើច្រើននេះ ក៏ដោយសារតែនោះជាប្រភេទការងារប្រើកម្លាំងបាយ ជាប្រភេទការងារដែលផ្សងគ្រោះថ្នាក់ ឬជាការងារដែលជាទម្លាប់មកមានតែបុរសជាអ្នកធ្វើ។ល។ ក្នុងនោះការងារជាអ្នកល្បាតព្រៃ ឬមន្ត្រីឧទ្យានុរក្ស ត្រូវបានចាត់ចូលជាប្រភេទការងារដែលខ្សត់ស្ត្រី ដោយទូទាំងប្រទេសមានឧទ្យានុរក្សស្ត្រីត្រឹមតែ ៤២នាក់ប៉ុណ្ណោះ ខណៈមន្ត្រីឧទ្យានុរក្សសរុបមាន ១២០០នាក់។
បើទោះបីជា ស្ត្រីមានចំនួនតិចតួចនៅក្នុងកិច្ចការពារព្រៃឈើក៏ពិតមែន ប៉ុន្តែក៏មិនមែនបានន័យថា ពួកគេមិនអាចធ្វើបាននោះឡើយ។

កញ្ញា អម ចាន់នួន ដែលជាមន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតនៃមន្ទីរបរិស្ថានខេត្តបាត់ដំបងបានរៀបរាប់ថា ពេលចុះល្បាត គឺជាពេលដែលអាចនឹងប្រឈមគ្រោះថ្នាក់ណាមួយដោយមើលមិនឃើញ ពេលខ្លះក៏ជួបសត្វព្រៃ ពេលខ្លះក៏មានភ្លៀងហើយជួបនឹងទឹកជំនន់ជាដើម។

កញ្ញាបន្តទៀតថា៖ «ពេលចុះបង្រ្កាបផ្ទាល់ ពេលខ្លះជនល្មើសគាត់មានអាវុធជាដើម អារម្មណ៍យើងគឺភ័យ ប៉ុន្តែយ៉ាងណាទប់អារម្មណ៍ខ្លួនឯង ទោះយើងគឺជាស្ត្រីតែក៏មិនត្រូវបង្ហាញភាព ទន់ជ្រាយដែរ»។

សម្រាប់អ្នកស្រី ស៊ឹម ចាន់នី ដែលជាមន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ខាងលើដែរនោះ ក៏យល់ស្រដៀងគ្នាថា​ ៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថាស្ត្រីមានសិទ្ធិស្មើនឹងបុរសដែរ ពួកយើងអាចធ្វើការងារដែលបុរសធ្វើបាន និយាយទៅគឺពួកយើងអាចដើរល្បាតបានដូចជាបុរសដែរ»។

តែយ៉ាងណា អ្នកស្រីក៏មានការសំណូមពរទៅដល់ប្រជាជនមូលដ្ឋានដែលរស់នៅក្នុងតំបន់ដែល អ្នកស្រីល្បាតឱ្យបង្កើនការចូលរួមកាន់តែច្រើនជាមួយនឹងមន្ត្រីឧទ្យានុរក្សលើកិច្ច​ការពារព្រៃឈើ និងសត្វព្រៃ ដោយហេតុថា ព្រៃឈើទាំងនោះនឹងហុចផលដល់ពួកគេវិញតាមរយៈ ឥណទានកាបូន ក៏ដូចជាតាមរយៈទេសចរណ៍ធម្មជាតិ។

ឆ្លងកាត់ការលំបាកក្នុងការបំពេញកិច្ចការងារល្បាតព្រៃយ៉ាងនេះក្ដី ប៉ុន្តែការលំបាកទាំងនោះមិនបាន បង្អាក់នូវទឹកចិត្ត និងឧត្តមគតិស្នេហាជាតិនោះឡើយ។

អ្នកស្រី ព្រឿង ភាន់ ដែលជាមន្ត្រីឧទ្យានុរក្សក្នុងតំបន់សំឡូតដែរនោះ បានបញ្ជាក់យ៉ាងច្បាស់ថា​ ៖ «នាងខ្ញុំមិនដែលគិតថា ចង់ឈប់ធ្វើការងារនេះទេ ព្រោះខ្ញុំស្រឡាញ់ធម្មជាតិ ស្រឡាញ់ធនធានដែល យើងមានស្រាប់ ហើយធនធានទាំងអស់ហ្នឹងហើយដែលជាកម្លាំងចិត្តឱ្យខ្ញុំខិតខំបំពេញការងារបន្ត ទៀត»។

ឧទ្យានុរក្សដែលជាស្ត្រីទាំងបីរូបនេះ ទទួលស្គាល់ថាការងារដែលខ្លួនកំពុងបំពេញ ជាការងារលំបាក និងគ្រោះថ្នាក់ ក៏ប៉ុន្ដែដើម្បីប្រយោជន៍រួមរបស់ជាតិ ទាំងបីនាក់មានការប្ដេជ្ញាចិត្តខិតខំប្រឹងប្រែង បន្តទៀត។

ក្នុងថ្ងៃទី៧មីនាម្សិលមិញនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងចេញនូវប្រសាសន៍មួយចំនួន ដែលសំដៅអំពាវនាវដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធនានាឱ្យចូលរួមលើកកម្ពស់យេនឌ័រ ឱ្យមានភាពស្មើគ្នានៅក្នុងសង្គម។

ក្នុងនោះ សម្ដេចបានលើកឡើងនូវកិច្ចការចាំបាច់មួយចំនួនដែលអ្នកពាក់ព័ន្ធត្រូវបន្តធ្វើដូចជា ពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យសាធារណៈ នយោបាយ និងវិស័យឯកជន បង្កើនការ វិនិយោគលើស្ត្រីក្នុងវិស័យឌីជីថល លើកកម្ពស់សេដ្ឋកិច្ចគ្រួសារស្ត្រី បណ្ដុះបណ្ដាលជំនាញវិជ្ជាជីៈ ដល់ស្ត្រី លើកកម្ពស់ការសិក្សារបស់ស្រ្តី ទប់ស្កាត់នូវរាល់អំពើហិង្សាលើក្មេងស្រី និងស្ត្រី គាំទ្រសុខមាលភាពស្ត្រីជាមាតាជាដើម៕

អត្ថបទទាក់ទង